មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាបចាប់ផ្ដើមបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំដំដែក ស្រុកសូទ្រនិគម

0

សៀមរាប៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបរិវេណសាលាឆទានភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប សំរាប់ក្បាល់ដីក្នុងភូមិគោគរលួសមានចំនួន ៦០៨ ក្បាល់ដី និងដូនហុងមានចំនួនក្បាលដី ៧១៨ ដែលត្រូវយកធ្វើការ បិទផ្សាយនាពេលនេះ ក្នុងចំណោមភូមិទាំង២ នៃឃុំដំដែក ដែលមានក្បាលដីសរុបទាំងអស់ចំនួន ១.៣២៦ ក្បាលដី។
ក្នុងពិធីបិទផ្សាយ ជាសាធារណៈ នូវឯកសារវិនិច្ឆ័យការ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ ដែរមានការអញ្ជើញជាអធិបតី លោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម រួមលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី ជាសមាជិកគណៈកម្មការរដ្ឋបាល និងមន្រ្តីអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ព្រមទាំង លោកមេឃុំ លោកមេភូមិផងដែរ។
លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យនេះ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ខែតុលា រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដោយគិតរួមទាំងថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក ហើយក្នុងរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ សូមមកចូលរួមពិនិត្យមើលទិន្នន័យដែលបានបិទផ្សាយនេះ ដូចជានៅលើបញ្ជីឈ្មោះម្ចាស់ដី ដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ ឈ្មោះ សាវតា ទំហំដី ប្រភេទទ្រព្យ និងនៅលើប្លង់សុរិយោដី ត្រូវពិនិត្យមើលទីតាំងដី និង រូបរាងដី ព្រោះនេះគឺជាឱកាសចុងក្រោយ ដែលភាគីពាក់ព័ន្ធទាំងអស់ មានសិទ្ធិធ្វើការ កែតម្រូវ ឬជំទាស់តវ៉ាបាន ហើយក្នុងករណីពិនិត្យមើលទៅឃើញថា មានកំហុសឆ្គងត្រូវផ្ដល់ដំណឹងមក គណៈកម្មការរដ្ឋបាល ដើម្បីចៀសវាងវិវាទណាមួយកើតឡើង ក្រោយពីចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ប្លង់រឹងឬ(បណ្ណកម្មសិទ្ធិ)។
លោក ប៊ូ ជុំសម្បត្តិ បានបញ្ជាក់បន្ថែមថា ក្រោយពីបញ្ចប់ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យនេះទៅ គណៈកម្មការរដ្ឋបាល នឹង លើកសំណើជូនទៅ ឯកឧត្តមអភិបាលខេត្តសៀមរាប ដើម្បីសម្រេចចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និង អ្នកកាន់កាប់ដីរូបណា ដែលបានបំពេញ លក្ខខណ្ឌ គ្រប់គ្រាន់ តាមនីតិវិធីច្បាប់ និង ជាក្បាលដីមិនមានទំនាស់៕