រយៈពេល៩ខែក្នុងឆ្នាំ២០១៩ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះនិងសាងសង់សំណងតូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរបានចំនួន ៨៧៩ករណី

0

សៀមរាប៖ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា នារយៈពេល៩ខែក្នុងឆ្នាំ២០១៩នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៨៧៩ករណី។ ការអនុញ្ញាតខាងលើបាន ផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១០៦ករណី ស្រុកអង្គរធំចំនួន១១៥ករណី ស្រុកពួកចំនួន ១៨៥ករណី ស្រុកបន្ទាយស្រីបានចំនួន ១៦៧ករណី និងក្រុងសៀមរាបចំនួន ៣០៦ករណី។

ប្រធានលេខាធិការដ្ឋានសហគមន៍លោក អឿន សំអុន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែនេះ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះមកអាជ្ញាធរជាតិអប្សរាចំនួន ១៧៤៦ករណី ក្នុងនោះក្រុមការងារបានផ្តល់ការអនុញ្ញាតតាមសំណូមពរចំនួន ៨៧៩ករណី។ ការអនុញ្ញាតនេះគឺផ្អែកទៅលើគោលការណ៍គ្រប់គ្រងលំនៅដ្ឋានស្របតាមលក្ខខណ្ឌនៃកិច្ចអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ ចំពោះការងារនេះ ប្រធានលេខាធិការដ្ឋានសហគមន៍បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលតែងសហការចូលរួម សម្រួលដល់ការងារនេះទទួលបានលទ្ធផលជាទីមោទនៈ។

ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការកែលម្អគេហដ្ឋានរបស់ខ្លួន សូមធ្វើការទំនាក់ទំនងជាមួយភូមិឃុំសង្កាត់ ដើម្បីដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះរបស់ខ្លួនមកលេខាធិការសហគមន៍អាជ្ញាធរជាតិអប្សរា៕