អភិបាល ខេត្តកំពង់ចាម ទទួលអំណោយ ពី សប្បុរស ជន ដើម្បីជួយដល់ជនរងគ្រោះ ទោះបីជា ទឹកជំនន់ ស្រកចុះ ហេីយ ក្តី

0

កំពង់ចាមៈ អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀល ថ្ងៃ ទី ៩ ខែតុលា ឆ្នាំ២០១៩នេះ បាន ទទួល អំណោយ ពី សប្បុរស ជន ដែលមាន ក្រុម ហ៊ុន អេស៊ីយុត បានផ្តល់ជាមី ចំនួន ៧០០កេស សម្រាប់ ជួយ ដល់ ជនរងគ្រោះ ដោយ ទឹកជំនន់ នាពេល កន្លង មក ក៏ដូចជា ជួយ ដល់ ជន ងាយ រងគ្រោះ ដទៃទៀត ។

ក្នុង ឱកាស ជួប សំណេះសំណាល ជាមួយ សប្បុរស ជន នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បានថ្លែងអំណរគុណ ចំពោះ ក្រុម ហ៊ុន អេស៊ីយុត ដែលបានជួយ ឧបត្ថម្ភដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់នាពេលកន្លងមក។ ហើយ លោក ក៏ បាន សន្យាថានឹងនាំយកអំណោយនេះ ទៅប្រគល់ជូនដល់ដៃជនរងគ្រោះដោយសារទឹកជំនន់ ក៏ ដូច ជា ជន ងាយ រងគ្រោះ ដទៃទៀត ព្រមទាំងយកទៅប្រគេនដល់បណ្តាលវត្តអារាមដែលកំពុងតែមានការ ខ្វះខាត ផងដែរ។ ជា មួយ គ្នា នោះ លោក ក៏បានអំពាវដល់បងប្អូនសប្បុរជននានា សូមជួយបន្តឧបត្ថម្ភ ក៏ដូចជាផ្តល់នូវអំណោយផ្សេងៗបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ ដែលកំពុងរង់ចាំជំនួយផងដែរ។

ដោយ ឡែក នាល្ងាច ថ្ងៃ ដដែល នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រីនៃមន្ទីរអង្គភាពជំវិញខេត្ត បាន អញ្ជើញ គោរព វិញ្ញាណក្ខន្ធ សព លោក ទី លៀម អតីត មេ ឃុំ កោះទន្ទឹម ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃ ទី ៩ ខែតុលា ឆ្នាំ ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ បច្ចុប្បន្ន សព ត្រូវបាន ក្រុមគ្រួសារ តម្កល់ ទុក ធ្វើ បុណ្យ នៅ គេហដ្ឋាន ស្ថិត ក្នុង ឃុំ កោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជា មួយ គ្នា នោះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បាន ឧបត្ថម្ភ ប្រាក់ ចំនួន ១លានរៀល សម្រាប់ ចាត់ចែង ពិធី បុណ្យ សព ផងដែរ ៕