ភ្នំពេញ៖ រថយន្តដឹកទឹកកកមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនគោរពច្បាប់ជ្រុលទៅបុកជាមួយរថយន្តស៊ិនទ្រីប្រមូលសំរាមកំពុងបើឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្តដឹកទឹកករងរបួសធ្ងន់ កាលពីវេលាម៉ោង២៖២០នាទីយប់ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវវេងស្រេងចំណុចស្តុបសេះមាស ក្នុងភូមិ
ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
តាមសាក្សីនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តកូរ៉េដឹកកកមិនមានស្លាកលេខធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវវេងស្រេងក្នុងល្បឿនលឿនមធ្យម ដោយភ្លើងស្តុបក្រហមហើយមិនឈប់ ក៏បានជ្រុលទៅបុករថយន្តស៊ិនទ្រីធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រពីជើងទៅត្បូងដែលបើកឆ្លងផ្លូវបានពាក់កណ្ដាលផ្លូវ ត្រូវរថយន្តដឹកទឹកកកបុកពេញទំហឹងបណ្តាលឲ្យតៃកុងរថយន្តដឹកទឹកកកគាបជាប់រងរបួសធ្ងន់ ត្រូវប្រពលរដ្ឋជួយគាស់យកចេញ ហើយត្រូវដឹកយកទៅសង្គ្រោះភ្លាមនៅឯមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកវាស់វែង និងយករថយន្តទាំងពីរទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕





































