សៀមរាប៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ កូនឈើចម្រុះចំនួន៦០០ដើម ត្រូវបានរៀបចំដាំ លើផ្ទៃដីចំនួន១ហិកតា ដោយព្រះសង្ឃ និងសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋ នៅវត្តពុទ្ធស្ថាននគររាជ ធម្មមេតា
ស្ថិតនៅក្នុង ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ពិធីដែលយើង បាននិងកំពុងតែប្រារព្ធធ្វើនាពេលនេះមានអត្ថន័យដ៏ជ្រាលជ្រៅខ្លាំង ណាស់ សម្រាប់ចលនាបំផុសស្មារតីព្រះសង្ឃប្រជាពលរដ្ឋ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ប្អូនៗ ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋ យើងទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ កុំបំភ្លេចបំផ្លាញ កាប់ឆ្ការ ដុត ហ៊ុព័ទ្ធដីព្រៃជាដើម។ ម្យ៉ាងវិញទៀតការរៀបចំកម្មវិធីដាំកូនឈើក្នុងវត្តនេះគឺជាការដង្ហែតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើ បរិស្ថាន និងការដាំដើមឈើជាអាទិភាពចំបង ហើយព្រះអង្គតែងតែយាង ចូលរួមជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខទិវាជាតិ ជារៀងរាល់ឆ្នាំ។
ដូច្នេះការសហការរៀបចំឱ្យមានកម្មវិធីដាំកូនឈើ នាឱកាសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការ ខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាអាទិភាព ចំបងរបស់រាជរដ្ឋាភិបាល។ គោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និងការគ្រប់គ្រង ធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ី ប្រកបដោយប្រសិទ្ធភាព និងបានរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើង។ ធនធានធម្មជាតិ គឺជាប្រភពធនធានមួយដ៏រស់រវើក និងមិនចេះរីងស្ងួត ប្រសិនបើយើង ទាំងអស់គ្នាចេះគ្រប់គ្រង ការពារ និងអភិរក្សឱ្យបានសមស្រប។ មួយវិញទៀត ធម្មជាតិទាំងឡាយអាចរស់នៅលើភពផែនដីយើងនេះបាន ដោយ មិនចាំបាច់មានមនុស្ស តែមនុស្ស សត្វទាំងឡាយ មិនអាចរស់នៅដោយខ្វះធម្មជាតិបានទេ។
ព្រៃឈើមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការនៃប្រព័ន្ធអេកូឡូស៊ី ជួយកាត់បន្ថយឥទ្ធិពលជាអវជ្ជមានពីការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ទឹកជំនន់ ខ្យល់ ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រួបយកជាតិពុលពីបរិយាកាសជាដើម និងផ្តល់នូវផលអនុផលព្រៃឈើ ជាច្រើន ដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍។
លោក ពិន ប្រាកដ បានបន្តថា ការចូលរួមយ៉ាងច្រើនកុះកររបស់ លោក លោកស្រី នាពេលនេះ បានបង្ហាញឱ្យឃើញ នូវការគាំទ្រដ៏ឧត្តុង្គឧត្តមគ្រប់មជ្ឈដ្ឋាន ដល់ចលនាដាំកូនឈើ ដោយចាត់ទុកចលនានេះ ជាកាតព្វកិច្ចដ៏ចំបង ផ្សារភ្ជាប់នឹងសេចក្តីត្រូវការចាំបាច់ នៃជីវភាពរស់នៅផ្ទាល់របស់ប្រជារាស្រ្តក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យនៅលើទឹកដីខេត្តសៀមរាបរបស់យើង។ សរុបមកការរៀបចំកម្មវិធីដាំកូនឈើនាថ្ងៃនេះ ឆ្លុះបញ្ចាំងសារជា ថ្មីម្តងទៀត នូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយគ្រោះមហន្តរាយបាត់បង់ព្រៃឈើ និងស្មារតីម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ យើងត្រូវចាប់ផ្តើមដោយឥតបង្អែរបង្អង់នូវផែនការស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីឱ្យ ខេត្តសៀមរាបរបស់យើងរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិ ពណ៌បៃតងឡើងវិញ។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការដាំដើមឈើនាពេលនេះហាក់បង្ហាញពីការយកចិត្តទុកដាក់ក៏ដូចជាបង្ហាញពីសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋដែលមានការយល់ដឹងទៅលើផ្នែកបរិស្ថាន ។ព្រះអង្គបានបន្តទៀតថាព្រៃឈើគឺជាជោគវាសនារបស់បងប្អូនប្រជាពលរដ្ឋ ព្រៃឈើបានផ្ដល់នូវសុខដុមរមនាដល់មនុស្សលោកនិងសត្វ អ្នកដែលបានដាំដើមឈើហាក់បីដូចជាបានធ្វើបុណ្យប្រគេនព្រះសង្ឃម្ដងដែរ។នៅក្នុងពិធីនោះដែរក៏មានពុទ្ធបរិស័្ធទជាច្រើនរយនាក់បានធ្វើពិធីរាប់បាត្រដល់ព្រះសង្ឃដើម្បីឧទ្ទិសចង្ហានជូនដល់បុព្វការីជនដែលបានបាត់បង់ជីវិតទៅ ៕





































