ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយ និងសេចក្តីរាយការណ៍មួយចំនួន ថា លោកឧកញ៉ា តាំង ផេងប៉ោ បញ្ជាឲ្យអង្គរក្សបាញ់សម្លាប់អ្នកកាសែត ២នាក់ ពេលចុះទៅយកព័ត៌មាននៃការបិទផ្លូវសាធារណ: ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤នោះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ លោកឧកញ៉ាតាំង ផេងប៉ោ ប្រធានក្រុមហ៊ុនផលិតកញ្ចក់ និងថ្នាំលាបផ្ទះគ្រប់ប្រភេទ បាន
ចេញមកបដិសេធ និងច្រានចោល នូវការចោទប្រកាន់ថា លោកបានបញ្ជាឲ្យអង្គរក្សបាញ់អ្នកកាសែត ២នាក់ ដែលចុះទៅយកព័ត៌មាន នេះគឺជាការចោទប្រកាន់ផ្តេសផ្តាស់ និងគ្មានមូលដ្ឋានទាល់តែសោះ ខណៈដែលក្រុមប្រជាពលរដ្ឋជាច្រើន បានធ្វើការតវ៉ាបិទផ្លូវរយៈពេលខ្លី មិនឲ្យរថយន្តដឹកដីបើកឆ្លងកាត់ គឺដើម្បីឲ្យក្រុមហ៊ុនដឹកដីនោះ ទទួលខុសត្រូវជួសជុលផ្លូវដែលខូចខាតដោយ សាររថយន្តដឹកដីបើកឆ្លងកាត់រាល់ថ្ងៃនេះឡើងវិញ ។
នៅចំពោះមុខក្រុមអ្នកយកពត៌មាន លោកឧកញ៉ា តាំង ផេងប៉ោ បានមានប្រសាសន៍ថា ចំពោះព័ត៌មានចោទប្រកាន់ថា លោកបិទផ្លូវសាធារណ:នោះ មិនមែនជាការពិតឡើយ ពោល ការបិទផ្លូវ គឺធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងភូមិទួលពង្រ ជាពិសេស លោកមេភូមិផ្ទាល់ ក្នុងគោលបំណងរារាំងមិនឲ្យរថយន្តដឹកដីធ្វើដំណើរឆ្លង កាត់ទីនោះបាន ។ លោកឧកញ៉ា តាំង ផេងប៉ោ បានបន្តទៀតថា ការបិទផ្លូវទៀតសោត គឺគ្រាន់តែយកបំពង់លូបិទមួយចំហៀងផ្លូវប៉ុណ្ណោះ ពោល រថយន្តគ្រួសារ និងដឹកទំនិញធុនតូច អាចធ្វើដំណើរបានទៅមក ពុំមានបញ្ហាអ្វីកើតឡើងនោះឡើយ ។
សូមបញ្ជាក់ថា រឿងរ៉ាវផ្ទុះជម្លោះជុំវិញការនាំឲ្យមានការបិទផ្លូវខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៤ នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រវាងលោកឧកញ៉ា តាំង ផេងប៉ោ និងរថយន្តដឹកដីឯកជន ពេលនោះអ្នកកាសែត ២នាក់ ម្នាក់នៅគេហទំព័រ CEN និងម្នាក់ទៀតជាសហការីស្ថានីយ៍ទូរទស្សន៍បាយ័ន លោក ប្រាក់ ដារាវុទ្ឋី បានចុះទៅយកព័ត៌មានពីទិដ្ឋភាពនេះ ប៉ុន្តែមិនបានទទួលរងការគំរាមបាញ់ ដែលបញ្ជាពីលោកឧកញ៉ានោះឡើយ ។
លោកឧកញ៉ា តាំង ផេងប៉ោ បានបញ្ជាក់ថា នៅពេលដែលលោក និងប្រជាជនយកលូដាក់ពាំងផ្លូវ ក៏ត្រូវបានភាគីរថយន្តដឹកដីយកគ្រឿងចក្រមកឈូសឆាយទីនោះ ដើម្បីឲ្យរថយន្តអាចធ្វើដំណើរ ។ ពេលយកគ្រឿងចក្រមកឈូសឆាយ លោកឧកញ៉ា បានប្រាប់ឲ្យឈប់ ប៉ុន្តែខាងភាគីរថយន្តដឹកដីនៅតែមិនស្តាប់ និងបន្តធ្វើសកម្មភាព ។ ក្រោយពីមិនឈប់ និងមិនស្តាប់ លោកឧកញ៉ាបានប្រើពាក្យថា ប្រយ័ត្នបែកកង់ ពោល មិនបានប្រើពាក្យមកលើអ្នកកាសែតនោះឡើយ ដូច្នេះ នេះជារឿងយល់ច្រឡំប៉ុណ្ណោះ ។
លោកឧកញ៉ា តាំង ផេងប៉ោ បានប្រតិកម្មចំពោះរថយន្តដឹកដីឆ្លងកាត់ផ្លូវនេះ ព្រោះតែផ្លូវខាងលើនេះ លោកជាអ្នកកសាងជូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរឆ្លងកាត់ ។ បើតាមប្រធានក្រុមហ៊ុនលក់កញ្ចក់ និងផលិតថ្នាំលាបដ៏ធំមួយនេះ បាននិយាយទៀត ប្រជាពលរដ្ឋមានការគាំទ្រលោករហូតមានការស្នើសុំឲ្យយកលូបិទផ្លូវ កុំឲ្យរថយន្តដឹកដីឆ្លងកាត់ ។ ទាក់ទងនឹងបញ្ហាទាំងនេះ អ្នកយកពត៌មានយើង មិនទាន់អាចសុំការអត្ថាធិប្បាយពីអាជ្ញាធរមូលដ្ឋាន បាននៅឡើយទេ ។
ដោយឡែកភាគីរថយន្តដឹកដី បាននិយាយថា ពួកគេមិនដែលធ្វើការដឹកជញ្ជូនដីតាម ផ្លូវនេះឡើយពីមុនមក ពោល ទើបតែនៅថ្ងៃកើតហេតុនោះ ធ្វើដំណើរឆ្លងកាត់ ដោយសារតែជាផ្លូវវាង ។ បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា លោកឧកញ៉ា តាំង ផេងប៉ោ មិនបានបញ្ជាឲ្យអង្គរក្សបាញ់សម្លាប់អ្នកកាសែតទាំង ២នាក់ខាងលើនេះ ដូចការចោទប្រកាន់ និងការចុះផ្សាយរបស់បញ្ដាញពត៌មានមួយចំនួននោះទេ ហើយក្រុមប្រជាពលរដ្ឋ បានធ្វើការបិទផ្លូវនេះ គឺដើម្បីសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការ ឱ្យក្រុមហ៊ុនរថយន្តដឹកដីខាងលើនេះ ធ្វើផ្លូវឱ្យបានល្អដូចដើមវិញផង ។ ដោយឡែកប្រភពមួយចំនួនបានបញ្ជាក់ថា លោកឧកញ៉ា តាំង ផេងប៉ោ ពុំមានអង្គរក្ស ហើយក៍ពុំមានកាំភ្លើងប្រើប្រាស់នោះដែរ ៕