ផ្ទះពលរដ្ឋជាង១២ខ្នងនៅក្រុងប៉ោយប៉ែតត្រូវបានអគ្គីសភ័យយ៉ាងកំណាចបំផ្លាញ

0

បន្ទាយមានជ័យៈ យ៉ាងហោចណាស់ផ្ទះប្រមាណជាង១២ខ្នងនៅក្នុងក្រុងប៉ោយប៉ែតត្រូវបានរងនូវការឆាបឆេះ ដែលបណ្តាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍។ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍។
យោងតាមសម្តីសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា១១និង៣០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ចំនុចមុខសាលាចិនភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចដដែលបាននិយាយថា ករណីឆាបឆេះបង្កឡើងមកពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តឆ្លាមបុកជាមួយម៉ូតូកង់បី ហើយរេចង្កូតចូលទៅបុកនឹងធុងហ្គាសបញ្ចូលរថយន្តដែលតំរៀបលក់ក្នុងផ្ទះបណ្តាលអោយផ្ទុះឆេះជាបន្តបន្ទាប់និងរាលដាលផ្ទះអ្នកបញ្ចូលហ្គាសរថយន្តដូចគ្នា។
សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ក្នុងហេតុការណ៍បុកប៉ះជាម៉ូតូកង់បីនេះ គេបានឃើញរថយន្តឆាបឆ្លាមនិងម៉ូតូកង់បីបានស្ថិតនិងកំពុងរងនូវការឆាបឆេះក្នុងអគ្គីសភ័យ ហើយធុងហ្គាសរាប់រយធុងកំពុងបន្តផ្ទុះ អណ្តាតភ្លើងក៏កំពុងបន្តអំណាចឆេះរាលដាលទៅដល់ផ្ទះដទៃទៀតដែលនៅជាប់គ្នានោះដែរ។
ក្នុងហេតុការណ៍ដែលធុងហ្គាសកំពុងបន្តផ្ទុះសមត្ថកិច្ចនៅមិនទាន់បានចូលទៅគៀកនឹងហេតុការណ៍នោះនៅឡើយទេ ដោយប្រកាសនិងធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋក្បែរនោះចាកចេញ នឹងរងចាំអោយរថយន្តពន្លត់ចូលទៅគ្រប់គ្រងស្ថានការណ៍ជាមុនសិន។
ក្រោយមានការបាញ់ពន្លត់ពីសំណាក់រថយន្តពន្លត់អគ្គីសភ័យ ភ្លើងបានថមថយបន្តិច សមត្ថកិច្ចក៏បានចូលអន្តរាគមន៍និងបានទាញយកសាកសពម្នាក់ចេញពីកន្លែងឆាបឆេះ។សាកសពមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេខណៈដែលសាកសពត្រូវបានអគ្គីសភ័យឆាបឆេះរួញមើលពុំស្គាល់ រថយន្ត២គ្រៀងឆេះខ្ទេច។
សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍អគ្គីសភ័យបាននៅម៉ោងប្រមាណជា២រំលងអាធ្រាតឈានចូលថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ ទំហំនៃការខូចខាតនិងអ្នករងរបួសក្នុងហេតុការណ៍ខាងលើនេះ គេនៅមិនទាន់ដឹងនៅឡើយខណៈអ្នកស្លាប់ម្នាក់អាចជាអ្នកបើកបររថយន្តឆ្លាមបង្កគ្រោះថ្នាក់ចរាចរណ៍។ដោយ៖ឃិន គន្ធា