កំពង់ធំ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានដឹកនាំ គណៈកម្មាធិការសមាគម អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន លោកវរសនីយ៍ត្រី អ៊ូ មឿន ដែលបានទទួលមរណៈភាពជន្មាយុ ៧១ឆ្នំា ដោយសារជម្ងឺប្រចាំកាយ វេលាម៉ោង៧,៣០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងពិធីគោរពវិញ្ញាណក្ខន្ធនេះ បានធ្វើឡើងនៅ ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ពិតជាមានការសោកស្តាយខ្លាំងណាស់ និងចូលរួមមរណៈទុក្ខជាមួយនឹងក្រុមគ្រួសារសព ដែលបានបាត់បង់ មនុស្សជាទីស្រឡាញ់ បាត់បង់សមាជិកគ្រួសារ តែទោះជាយ៉ាងណានោះ កងកម្លាំងធ្លាប់រួមអាវុធ នៅតែសោកស្តាយ នូវបុគ្គលដែលធ្លាប់មានគុណលើប្រទេសជាតិ លះបង់សព្វគ្រប់បែបយ៉ាងដើម្បីសន្តិភាពជូន ប្រជាជាតិខ្មែរ ជាពិសេសនោះ ក្រោមការដឹកនាំប្រកបដោយកតិបណ្ឌិតសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានគិតគូរពីសុខទុក្ខដល់បងប្អូនអតីតយុទ្ធជន បង្កើតជាសមាគមអតីតយុទ្ធជន និងបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន មិនឲ្យលើសពី៧ថ្ងៃ និងមានផ្តល់ប័ណ្ណ ប.ស.ស របបសន្តិសុខសង្គម ជូនអតីតយុទ្ធជនសម្រាប់សម្រាកព្យាបាល នៅស្ថានព្យាបាលរបស់រដ្ឋដោយឥតគិតថ្លៃ។
លោកវរសនីយ៍ត្រី អ៊ូ មឿន អតីតនាយសេនាធិការរង នៃបញ្ជាការដ្ឋានសឹករងកំពង់ធំ ចូលបម្រើក្នុងជួរកង ទ័ព នៅឆ្នាំ១៩៧៩ ធ្លាប់ប្រយុទ្ធនៅសមរភូមិក្នុងសម័យសង្គ្រាមជាច្រើនលើក ធ្លាប់ជាប្រធានយោធាស្រុក កំពង់ស្វាយ ធ្លាប់បានទៅសិក្សានៅក្រៅប្រទេស ជាច្រើនវគ្គ និងបានចូលនិវត្តន៍នៅឆ្នាំ២០១១ ។
នៅក្នុងឳកាស នៃពិធីគោរពវិញ្ញាណក្ខន្ធ ក្រុមការងារ បានបើកប្រាក់ គោលនយោបាយ បេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល និងចូលរួមបុណ្យសពមានអង្ករចំនួន ៥០គីឡូក្រាមមីម៉ាម៉ាចំនួន២កេស និងថវិកាមួយចំនួន ក្នុងនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រួសារសព ឲ្យយកគំរូវរៈភាពអង់អាចក្លាហានរបស់ លោកវរសនីយ៍ត្រី អ៊ូ មឿន ដែលមានភាពស្មោះត្រង់ លះបង់ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីប្រទេសជាតិមានសន្តិភាព សូមកុំឲ្យជឿលើការឃោសនាញុះញ៉ុង បំបែកបំបាក់ ពីសំណាក់ជនអគតិមួយចំនួន ដែលឧស្សាហ៍ព្យាយាម លាបពណ៌មួលបង្កាច់ ធ្វើឲ្យប្រទេសជាតិមានការជ្រួលច្របល់ និងអសន្តិសុខសង្គម។ដោយ ប៊ុន រដ្ឋា





































