ខេត្តកំពត រសៀល ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងវត្តមានចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តនិងមន្រ្តីរាជការ សរុបប្រមាណ ៣៥០នាក់ នៅសាលសន្និសិទខេត្តកំពត។
ស្ថិតក្នុងឱកាសថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្តី្រដែលទើបទទួលតំណែងថ្មី ព្រមទាំងមន្ត្រីរាជការទាំងអស់ចំនួន ៤ចំណុច រួមមាន៖១.បន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួនព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលខេត្ត។
២.ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីឲ្យបានល្អប្រសើរ ពោលគឺសំណើលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌វិជ្ជាជីវៈ ។
៣.ត្រូវធ្វើការស្វែងយល់ដល់ស្ថានភាព ដំណើរការ និងបរិយាកាសទីកន្លែងថ្មី ដើម្បីមានមូលដ្ឋានសម្របសម្រួលការងារឲ្យទទួលបានជោគជ័យថ្លៃថ្លា ជាពិសេសត្រូវស្វែងយល់ពីក្របខណ្ឌបៀវត្សរ៍ក៏ដូចជាជាគោលការណ៍វិធានការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត និងបេសកកម្មចម្បងរបស់មន្ទីរព្រមទាំងការណែនាំ និងបំពាក់បំប៉នជំនាញ
បច្ចេកទេសដល់មន្ត្រី និងសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ដើម្បីឲ្យការងាររបស់យើងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋប្រកបដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ។
៤.យកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្ដល់ឱកាសការងារដល់មន្ត្រីវ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃខាងមុខ។ជាទីបញ្ចប់ ឯកឧត្តម កិត្តិបណ្ឌិត រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈបានជម្រុញអោយលោកប្រធានមន្ទីរថ្មីចូលរួមជួយការពារផលប្រយោជន៍មន្ត្រីរាជការក្នុងខេត្ត ព្រមទាំងធ្វើជាសេនាធិការ ជូនអភិបាលខេត្តលើកិច្ចការមុខងារសាធារណៈ ជាពិសេសក្តាប់ស្ថិតិមន្ត្រីរាជការក្នុងខេត្តឲ្យបានល្អប្រសើរ ។





































