ព្រះរាជអាជ្ញារងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្តចុះឡោមព័ទ្ធ រិបអូសឈើប្រណិតប្រគល់ឲ្យជំនាញ

0

ខេត្តរតនគិរី÷ ទីតាំងស្តុកឈើប្រណិត និងរថយន្តដឹកឈើ នៅកន្លែងដាច់ដោយឡែកពីគ្នា ត្រូវសមត្ថកិច្ចចម្រុះចុះបង្ក្រាបភ្លាមៗ បន្ទាប់ទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០.៣០នាទី។
គ្រាដែលចុះបង្ក្រាបនោះ គេសង្កេតឃើញវត្តមានកម្លាំងសមត្ថកិច្ចចម្រុះ ដែលមាន កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្ត កម្លាំងអធិការដ្ធាននគរបាលក្រុងបានលុង កម្លាំងជំនាញរដ្ធបាលព្រៃឈើក្រុង និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់យក្ខឡោម ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាតំបូងខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលកិច្ចការ១ ប្រឆាំងបទល្មើសសេដ្ធកិច្ច នៃស្នងការដ្ធាននគរបាលខេត្តរតនគិរី បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតខុសច្បាប់នេះ បានធ្វើឡើងចំនួន២ករណីក្នុងថ្ងៃតែ១។ ករណីទី១ ឃាត់បានរថយន្តមួយគ្រឿងម៉ាកកាម៉ារីហើម ពណ៌សំបក់ឪឡឹកពាក់ស្លាកលេខ ស្វាយរៀង2A: 0431 នៅត្រង់ចំណុច កែងផ្លូវបំបែកជាបី
ស្ថិតក្នុងភូមិអូររមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ស្របពេលដែលរថយន្តមួយគ្រឿងនេះកំពុងប្រមូលយកឈើតាមផ្ទះ។ គ្រានោះសមត្ថកិច្ច ឃាត់បានទាំងតៃកុងរថយន្តជាជនជាតិវៀតណាមម្នាក់តែមិនទាន់ស្គាល់អត្តសញ្ញាណ។ លោកឧត្តមសេនីយ៍ត្រីបន្តថា ក្រោយពីឃាត់ខ្លួនតៃកុងរថយន្តរូបនោះបានយកមកសាកសួរ តៃកុងបានសារភាពឲ្យសមត្ថកិច្ចដឹងថា គេជញ្ជូនឈើទាំងនេះទៅស្តុកទុកក្នុងលំនៅដ្ធានមួយកន្លែងត្រង់ចំណុចខាងលិច ផ្ទះសំណាក់ធីសុខា នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី ជាផ្ទះរបស់ ចែរ៉ាន់ ទើបកម្លាំងសមត្ថកិច្ចចុះទៅឡោមព័ទ្ធ និងកាត់សោរទ្វាររបងលំនៅដ្ធានចូលតែម្ដង ហើយចែរ៉ាន់ នេះជាមុខសញ្ញាចាស់ល្បីខាងជួញដូរបទល្មើសដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមយ៉ាងសកម្មផងដែរ។ តែមកដល់ពេលបច្ចុប្បន្នលំនៅដ្ឋានខាងលើនេះបានក្លាយជាទីតាំងស្តុកឈើនិង លួចធ្វើសិប្បកម្ម អាជ្រៀក កែច្នៃឈើប្រណិតដោយខុសច្បាប់ យ៉ាងស្ងៀមស្ងាត់។
សមត្ថកិច្ចចម្រុះបានរិបអូសនិងប្រមូលយកឈើប្រណិត សុទ្ធតែប្រភេទឈើធ្នុងរាប់រយដុំ ដឹកជញ្ជូនចេញបាន ៥រឺម៉កម៉ូតូខ្នាតធំពេញៗ និងសម្ភារៈ កែច្នៃមួយចំនួនទៀត។
បច្ចុប្បន្នវត្ថុតាងឈើប្រណិតនិងរថយន្តសមត្ថកិច្ចបាននាំមករក្សាទុកនៅខ័ណ្ឌរដ្ធបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ដោយឡែក តួរលេខចំនួនឈើ ខាងជំនាញកំពុងធ្វើការថ្លឹង៕ ដោយ ភួង ផុន