រដ្ឋ​បាល​ខេត្ត​កំពតប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធនិង​ថ្វាយ​ព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណា”ព្រះបរមរតនកោដ្ឋ​”គម្រប់៧ឆ្នាំ

0

កំពត នៅព្រឹកថ្ងៃថ្ងៃ ទី​១៥​ខែតុលា ឆ្នាំ២០១៩ នាបរិវេណសាលាខេត្ត រដ្ឋបាលខេត្ត​កំពត បានប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធនិង​ថ្វាយ​ព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ​”គម្រប់៧ឆ្នាំ។​
ពិធីនេះ​បានប្រព្រឹត្តទៅដោយមានការអញ្ជើញ​ចូលរួម ពីសំណាក់ឯកឧត្ដម​ជាវ តាយអភិបាល​នៃគណៈអភិបាលខេត្តនិង​ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុម​ប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត ថ្នាក់​ដឹកនាំនិងមន្ត្រី​រាជការ​នៃមន្ទីរ អង្គភាព ជុំវិញខេត្ត សិស្សានុសិស្សនិស្សិត នៅក្នុងមនោសញ្ចេតនាប្រកបដោយការនឹករលឹកតបស្នងនូវគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន នៃព្រះរាជសកម្មភាពក្នុង​ព្រះរាជកិច្ច​បម្រើជាតិមាតុភូមិរបស់”ព្រះបរមរតនកោដ្ឋ”។​
អង្គពិធី​នាឱកាសនេះដែរ​ក៏មានការនិមន្ត​ព្រះសង្ឃ​ស្វាធ្យាយជយន្តោ និងសូត្រពុទ្ធជ័យមង្គល និងថ្នាក់​ដឹកនាំខេត្ត​ព្រមទាំងសមាជិកអង្គពិធីទាំងមូលបានថ្វាយកម្រងផ្កាអុជទៀនធូបនិងមានការត្មឹងត្មាតគោរព​ព្រះវិញ្ញាណក្ខ័ន្ធនិង​ថ្វាយព្រះរាជ​កុសលព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ ព្រះវរាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី​និងឯកភាពជាតិខ្មែរ​”ព្រះបរមរតនកោដ្ឋ”។​
មានសន្ទរកថា ថ្លែងក្នុង​អង្គពិធី ឯកឧត្ដម​ជាវ តាយអភិបាល​ខេត្ត ក្នុងនាម​ក្រុមប្រឹក្សា គណៈអភិបាល​កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ មន្ត្រី​រាជការ​សិស្សានុសិស្សនិង​ប្រជារាស្ត្រ​ទូទាំងខេត្ត​កំពតទាំងមូល សូមសំដែងការលំអោយកាយដើម្បី​តបស្នង​នូវព្រះមហាករុណទិគុណ​និងព្រហ្មវិហា​រធម៌​ដ៏ថ្លៃថ្លា ឧត្តុងឧត្ដម​វិសេសវិសាល របស់ព្រះ​អង្គ​បរមរតនកោដ្ឋ ដែលព្រះ​អង្គបានលះបង់ព្រះកាយ ព្រះបញ្ញាញាណ ក្នុង​ព្រះរាជសកម្មភាព ដើម្បី បុព្វហេតុ ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ផ្សះផ្សា​រ​បង្រួបបង្រួម​ជាតិ និងអភិវឌ្ឍ​លើគ្រប់វិស័យ​នារយៈពេលដែលព្រះអង្គគង់នៅមានព្រះជន្មកន្លងមក។​
សន្ទរកថា ឯកឧត្ដម​ជាវ តាយអភិបាល​ខេត្ត ក៏បានលំអោនកាយ​ថ្វាយនូវព្រះរាជកុសល​ដ៏ថ្លៃថ្លា​ចំពោះ​ព្រះករុណា​ព្រះបាទសម្ដេចព្រះ នរោត្តម​សីហនុ «ព្រះបរមរតនកោដ្ឋ»​ក្នុង​ឱកាសថ្ងៃនេះគម្រប់ខួប៧ឆ្នាំ​ដែលជាថ្ងៃ​ចូលទីវង្គត់របស់ព្រះអង្គ​សូមឧទ្ទិសបួងសួងដល់ព្រះ​វិញ្ញាណក្ខ័ន្ធ សូម​ព្រះអង្គ​ទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​