ខេត្តសៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាកយសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩នេះថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាបបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ជិន សុខង៉េង
អតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ពាក់ព័ន្ធនឹងអំពើ រួមគំនិតក្បត់ជាតិ។
សេចក្តីប្រកាសដដែលបន្តថា ជនត្រូវចោទ ជិន សុខង៉ែង ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១២២៣ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពីបទរួមគំនិតក្បត់ ដោយយោងតាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជនសម រង្សី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនថាដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីស្វែងរកជននេះយកមកអនុវត្តស្របតាមច្បាប់៕ 




































