សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធសន្និបាត អាណត្តិទី៥​ (២០១៩-២០២៥)

0

កំពង់ចាម​: សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានប្រារព្ធសន្និបាត អាណត្តិទី៥ (២០១៩-២០២៥) ក្រោម​វត្តមាន​ លោកស្រី​ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងកាកបាទក្រហមកម្ពុជា លោក​ ហ៊ុន ណេង ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ ដែលពិធីនេះធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៩​ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបប្រមាណជា២៧៥នាក់ ផងដែរ។
គូសបញ្ជាក់ផងដែរថា អង្គសន្និបាតអាណត្តិទី៥ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង លោក​ ហ៊ុន ណេង ជាប្រធានកិត្តិ យសសាខា និងអនុប្រធានកិត្តិ យសសាខា សរុបចំនួន១៩រូប ។ សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព១៥រូប ក្នុងនោះបានបោះឆ្នោតជ្រើសរើស លោក​ អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខា, លោកស្រី​ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ លោក ហួត វុទ្ធី អនុប្រធាន លោក ប៉ែន ម៉ារឌី អនុប្រធាន លោកស្រី​ ចាន់ វ៉ាន់នី ហេរញ្ញិក និងលោក ស្រី សុភ័ក្រ្ត ជាលេខាធិការគណៈកម្មាធិការសាខា ។
ក្នុងឱកាសនោះ លោក​ អ៊ុន ចាន់ដា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំ ដោយ ៖ ១-ពង្រឹងអភិបាលកិច្ចល្អ ។ ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ។ ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។ ៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្ត ឲ្យ​កាន់តែសកម្មថែមទៀត ។ ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត ។ និង៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ ។
​លោក​ ហ៊ុន ណេង ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ស្មារតីទទួលខុសត្រូវ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៤ សម្រេចបាន និងសំដែងនូវការគាំទ្រ ចំពោះ សមាជិក សមាជិកា គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោត និងទិសដៅការងារបន្តសម្រាប់អាណត្តិទី៥ ដែលអង្គសន្និបាត បានអនុម័ត ផងដែរ។ ជាមួយ​គ្នានោះ ក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធទាំងអស់ទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល សប្បរសជន ដៃគូសហប្រតិបត្តិការ សូមបន្តរក្សា និងពង្រឹងសាមគ្គីភាព លើកកម្ពស់វប្បធម៌ចែករំលែក បំផុសការចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌ មគ្គុទ្ទេសក៍ ដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងព្រះរាជវីរគំរូមនុស្សធម៌ សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង ផងដែរ។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកស្រី​ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់​លោក​ លោកស្រី​ គណៈកម្មាធិការសាខា និងអនុសាខាទាំង ១០ស្រុក/ក្រុង សរុបចំនួន ៣៥នាក់ផងដែរ៕