បន្ទាយមានជ័យ៖ សមត្ថកិច្ចពេទ្យសត្វនិងកម្លាំងនគរបាលបានឆ្មក់ស្ទាក់បង្ក្រាបបានរថយន្តដឹកមាន់សាច់នាំចូលពីប្រទេសថៃខុសច្បាប់បន្តបន្ទាប់ ខណៈជំនាញនិងអាជ្ញាធរជម្រុញអោយវិធានការបិទច្រករបៀងមានប្រសិទ្ធភាព។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៦ខែតុលាថា ៈ ក្រុមអន្តរាគមការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការនគរបាលស្រុកអូរជ្រៅ លើកទី១ៈ កាលពីម៉ោង១០និង៤៨នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ បានឆ្មក់ស្ទាក់ឃាត់ចាប់
រថយន្ត១គ្រឿងម៉ាក នីសាន់(Nissan )ផលិតឆ្នាំ១៩៩៣ ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ 2A-4893 ដែលផ្ទុកមាន់ពងជម្រុះ (មាន់ក្រហម) សរុបស្មើនឹង៦៤០ ក្បាល (ឬ៨០តាកា x ៨ក្បាល/តាកា) បាននាំចូលតាមច្រករបៀងណងចាន់ ជិតផ្លូវជាតិលេខ៥៨ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។រថយន្តនិងមាន់នោះមានម្ចាស់ឈ្មោះ នី ថន ភេទប្រុស រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លើកទី២ ៈ នៅម៉ោង៧យប់ថ្ងៃទី១៥ខែតុលា នៅចំណុចច្រករបៀងអូរបីជាន់ ជាប់ផ្លូវជាតិលេខ២៥៨ដេភូមិអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ បានឆ្មក់ស្ទាក់ចាប់រថយន្តហីយាន់ដាយកង់៦ មួយគ្រឿងដែកដឹកមាន់ជម្រុះពងចំនួន៨០០ក្បាល(ឬ៨០តាកា x ១០ក្បាល/តាកា ) មានម្ចាស់រថយន្ត អ្នកបើកបរនិងជាម្ចាស់ទំនិញឈ្មោះវណាវហៅរ៉ា ភេទប្រុសអាយុ៣២ឆ្នាំ ទីំលំនៅនិងរបបរមិនពិតប្រាកដ ។





































