ខេត្តកំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តរបស់គណៈកម្មាធិការប្រជាជន ខេត្តប៊ិញភឿក ជូនដល់នាយកសាខាក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តកំពង់ធំ បានធ្វើឡើងនៅព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាលារដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម (K៧២) ខេត្តប៊ិញភឿក ជាមួយសាខាមិត្តហ្វូនប្រចាំខេត្តកំពង់ធំ ដែលធ្លាប់បាន ជួយផ្ដល់ស្បៀង ថវិកា សម្ភារៈផ្សេងៗជូនដល់ជូនប្រជាជននៅខេត្តកំពង់ធំ ក្នុង វិស័យមនុស្សធម៌ និងជួយជួសជុលសំណង់ផ្សេងៗ ដែលបានជួយបង្ករលក្ខណងាយស្រួលដល់ ដំណើរការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាមកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងការអបអរសាទរ ចំពោះសាខាក្រុមហ៊ុនមិត្តហ្វូន ដែលទទួលបាននូវប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ក្នុងការសហប្រតិបត្តិការល្អ ជាមួយក្រុមបច្ចេកទេស (K៧២) ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា ក្រោមមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយស្ថាប័នពាក់ព័ន្ធ បានបង្កលក្ខណៈងាយស្រួលឱ្យដល់ដំណើរការជីករុករកអដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីខេត្តកំពង់ធំ ក្នុងសម័យសង្គ្រាម សហការវាយ រំដោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ការជីករុករកអដ្ឋិធាតុ មកដល់ពេលនេះ ចំនួន១,១១៥ អដ្ឋិធាតុរួចហើយនៅលើទឹកដីខេត្តកំពង់ធំ និងបានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញ ទៅតាមប្រពៃណីសាសនាបានល្អប្រសើរផងដែរ។
ដោយ ប៊ុន រដ្ឋា




































