កំពង់ចាម: លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីបេីកវគ្គសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩
នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ ជាច្រើនរូបផងដែរ។
បន្ទាប់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងសន្ទរកថាស្វាគមន៍ចំពោះអង្គសិក្ខាសាលាដ៏មានសារប្រយោជន៍នេះរួចមក លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា សិក្ខាសាលានាពេលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការរៀនសូត្រ ពីគ្នាទៅវិញទៅមក ដើម្បីផ្គួបផ្សំបញ្ញាញាណរបស់យើងសម្រាប់ធ្វើការកែលម្អសេវាសាធារណៈក្នុងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមការចង់បាន របស់រាជរដ្ឋាភិបាល និងប្រជាជនរបស់យើង។ ការរៀនសូត្រពីបទពិសោធន៍បរទេស អាចឱ្យយើងទទួលបាននូវទស្សនាទានថ្មីៗ ប៉ុន្តែការរៀនសូត្រពីគ្នាទៅវិញទៅមក មិនត្រឹមតែផ្តល់នូវទស្សនាទានថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវចំណេះដឹងដែលត្រូវនឹងបរិបទនៃការងារផ្តល់សេវារបស់យើងទៀតផង។
លោករដ្ឋមន្ត្រី បានបន្តថា ដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងកាត់បន្ថយភាពក្រីក្រគ្រប់ទម្រង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដូចនេះ វិស័យសុខាភិបាលដែលជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ដល់សុខមាលភាពនៃប្រជាជនទាំងមូល ត្រូវតែមានការកែលម្អជាប្រចាំ ដើម្បីយើងមានប្រជាជនប្រកបដោយសុខភាពនិងថាមភាពសម្រាប់បំពេញការងារក្នុងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ការអនុវត្តការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលស្ថាប័នកំណែទម្រង់អភិបាលកិច្ច រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានសហការជាមួយក្រសួង ស្ថាប័នតាមវិស័យរបស់រាជរដ្ឋាភិបាល រួមគ្នាធ្វើការដើម្បីចូលរួមចំណែកលើកស្ទួយគុណភាពនៃសេវា សុខាភិបាល និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខភាពសាធារណៈរបស់យើង។ ដើម្បីទ្រងទ្រង់ដល់ការរីកលូតលាស់នៃវិស័យសុខាភិបាលក៏ដូចជារដ្ឋបាលសាធារណៈទាំងមូល រាជរដ្ឋាភិបាលក៏បានអនុវត្តនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀតដែរសំដៅលើកទឹកចិត្តដល់មន្រ្តីរាជការ និងពង្រឹងផលិតភាពវិស័យសាធារណៈ ពិសេសការដំឡើងបៀវត្សនៅរៀងរាល់ឆ្នាំផងដែរ។ 
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានសថ្លែងអំណរគុណដល់ លោកអភិបាលខេត្តកំពង់ចាម ព្រមទាំង ក្រុមការងារនៃក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យជាជ័យលាភីដែលបានសហការរៀបចំ ចូលរួមធ្វើការតាំងពិពណ៌ និងផ្តល់ទីតាំងសម្រាប់ការធ្វើទស្សនកិច្ចសិក្សា ក្នុងកម្មវិធីសិក្ខាសាលារយៈពេល២ថ្ងៃនេះផងដែរ ៕




































