កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីការងារស្នូលរបស់ អង្ភភាព ក៏តែងតែឆ្លៀតឳកាសការងារបំរើសង្គម មិនថាថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកនោះទេ គឺសកម្មភាពចុះជួយដល់បងប្អូនអតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបានធ្វើឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋ កោតសរសើរពីសកម្មភាពមនុស្សធម៌របស់ឯកឧត្តម ដែលមានភាពរស់រវើកដូចភ្លៀងរលឹម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មិនត្រឹមតែការងាររបស់អតីតយុទ្ធជន និងជួយដោះស្រាយប្រជាពលរដ្ឋ ដែលមានជីវភាព ទីទ័ល់ក្រនោះទេ ថែមទាំងផ្តល់សារៈសំខាន់លើ វិស័យសារព័ត៌មាន ដែលបានចាត់ទុកវិស័យសារព័ត៌មាន ជាវិស័យមួយ មានការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងនាំសង្គមជាតិឆ្ពោះទៅរកសន្តិភាព និងភាពរីកចម្រើន និងតែងតែគាំទ្រ នូវវិស័យព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈ សុក្រិត ទៀតត្រង់ មិនលំអៀង និយាយតែការពិត ដើម្បីជាដំណឹងដល់មហាជន ។
ជាក់ស្តែងក្នុងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៩ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយឧបត្ថម្ភ ព្យូទ័រយួរដៃថ្មីមួយគ្រឿង ម៉ាក acer មួយគ្រឿងជូនដល់លោក ប៊ុន រដ្ឋា ភ្នាក់ងារទូរទស្សន៍អប្សរា ក្នុងគោលបំណង ផ្សារភ្ជាប់និងលើកកម្ពស់វិស័យព័ត៌មាន ឲ្យកាន់តែល្អប្រសើរ ក្នុងសម័យតេជោសន្តិភាព ដែលប្រជាជនក្នុង ពិភពលោកពុំអាចខ្វះព័ត៌មានបានឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា វិស័យសារព័ត៌មាន គឺជាវិស័យមួយដែលមានសារៈសំខាន់ ដែលប្រជាជនទូទាំងពិភពលោក មិនអាចខ្វះបាន និងបានចូលរួមចំណែក ក្នុងការកសាងអភិវឌ្ឍន៍សង្គម និងជាកញ្ចក់សម្រាប់ការឆ្លុះបញ្ចាំងដល់សង្គមគ្រប់សម័យកាល និងសូមសំណូមពរ ឲ្យបងប្អូនសារព័ត៌មាន អនុវត្តតាមតួនាទីប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ក្នុងឳកាសនេះផងដែរ លោក ប៊ុន រដ្ឋា បានគោរពជូនពរ ឯកឧត្តម និងលោកជំទាវ បុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់សឹក ជួបប្រទះតែសេចក្តីសុខ ចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ដោយ ខេមរា 




































