កំពង់ធំ៖ ប្រជាការពារចំនួន០៩នាក់ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន បំពាក់ឯកសណ្ឋាន ជូន ដើម្បីងាយស្រួល ក្នុងការអនុវត្តតួនាទី ការពារសុខសុវត្តិភភាព ក្នុងមូលដ្ឋាន ដែលជាផ្នែកមួយក្នុងការចូលរួមចំណែក អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច របស់រាជរដ្ឋាភិបាល ពិធីនេះបានធ្វើឡើង នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីនេះដែរដោយមានការអញ្ជើញជាអធិបតិភាព ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងលោកអ៊ុត វណ្ណរី ប្រធានក្រុមប្រឹក្សាឃុំ រួមទាំងអាជ្ញាធរដែនដី នគរបាលប៉ុស្តិ៍រដ្ឋបាល ចូលរួម ក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន ០៩នាក់ និងបានផ្សព្វផ្សាយពីតួនាទីភារកិច្ច សិទ្ធរបស់ប្រជាការពារ និងបានផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចជូនប្រជាការពារ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ ណែនាំផ្តាំផ្ញើរ ដល់ប្រជាការពារ គឺជាកងកម្លាំងការពារប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន ប្រជាការពារមានតួនាទី ភារកិច្ចបម្រើប្រជាជននៅតាមមូលដ្ឋាន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ប្រជាការពារមិនមានសិទ្ធិប្រើប្រាស់អាវុធឡើយ មិនមានសិទ្ធិសម្រេចក្នុងការចាប់ ចងឃុំឃាំងឬកសាងសំណុំរឿងបុគ្គលណាឡើយ តែត្រូវសហការជាមួយនិងសមត្ថកិច្ចនូវបទល្មើសជាក់ស្តែង ប្រជាការពារមិនត្រូវពាក់ឯកសណ្ឋាន ឬស្លាកសញ្ញារបស់អង្គភាព កងកម្លាំងប្រដាប់អាវុធ នោះឡើយ ដែលធ្វើឲ្យមានការយល់ច្រឡំដល់មហាជន និងមិនត្រូវយកតួនាទីទៅគំារាមគំហែង កាងបទល្មើសខុសច្បាប់នោះឡើយ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានកោតសរសើរ អាជ្ញាធរដែនដី និងប្រជាការពារ ដែលបានអនុវត្តកន្លងមកបានល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តដោយគ្មានការព្រួយបារម្ភពីសកម្មភាពចោរលួចចោរប្លន់ និង អំពើ ហិង្សា ផ្សេងៗ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាការពារ និងប្រជាពលរដ្ឋយើងទាំងអស់ទី១ កុំចូលរួមជាមួយសកម្មភាព អំពើក្បត់ជាតិដែលច្បាប់បានហាមឃាត អ្នកឃុបឃិតជាមួយជនក្បត់ជាតិ ត្រូវមានទោសពី៥ឆ្នាំទៅ១០ឆ្នាំ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខ
សន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទី៣ សូមអំពាវនាវដល់បងប្អូនយើង ចូលរួមពិសារអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ខែ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះទាំងអស់គ្នា អាជ្ញាធរដែនដីប្រជាការពារ និងប្រជាជននៅភូមិត្រពាំងថ្ម បានអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជានិច្ចកាលខិតខំបម្រើប្រជាជន អតីតយុទ្ធជន និងសហការអនុវត្តល្អ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូលដ្ឋានក្នងខេត្តកំពង់ធំ។
ដោយ ប៊ុន រដ្ឋា





































