កំពង់ធំ ៖ លោកតុងយី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងលោកម៉ាន់ សារ៉ាត់ បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរស្រុកប្រាសាទសំបូរ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចុះបង្ក្រាបទីតាំង ស្តុកឈើ ហ៊ុបដែលបានដាក់ស្តប់ក្នុងបរិវេណផ្ទះរបស់ ប្រជាពលរដ្ឋ ដែលបានលបលួវអាកាប់ឈើពីតំបន់ ហាមឃាត់ដោយខុសច្បាប់ និងអាណាធិបតេយ្យ ស្ថិតនៅក្នុងភូមិស្រើង ភូមិថ្មី នៃឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២១និង២២ ខែតុលា ឆ្នាំ ២០១៩។
សូមបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅនេះ បើទោះបីប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាយ៉ាងកំហិត ដាច់ខាត ឲ្យសមត្ថកិច្ច សហការគ្នាបង្រ្កាបបទល្មើស ដែលលបលួចកាប់ព្រៃឈើពីតំបន់ហាមឃាត់របស់រដ្ឋ និង ការដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដោយខុសច្បាប់ តែគេសង្កេតឃើញ ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក នៅក្នុងខេត្តកំពង់ធំ ក៏នៅតែមានសកម្មភាពដឹកឈើយ៉ាងអាណាធិបតេយ្យ ក្នុងនោះក៏មានការ ហាមឃាត់អ្នកសារព័ត៌មាន ពីសំណាក់សមត្ថកិច្ចឃុំស្រើង ស្រុកប្រាសាទសំបូរ និងសមត្ថកិច្ចស្រុកសន្ទុក បានគំរាមអ្នកសារព័ត៌មាន មិនឲ្យធ្វើដំណើរលើដងផ្លូវ ដែលលាតសន្ទឹងពីឃុំស្រើង មកស្រុកសន្ទុក ដោយសារតែផ្លូវនេះ ជាផ្លូវដែលដឹកជញ្ជូនបទល្មើសយ៉ាងសំខាន់។
បន្ទាប់ពីមានការរិះគន់ ពីសំណាក់មហាជន លោកតុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានដឹកនាំចុះបង្ក្រាបនិងអនុវត្ត ច្បាប់ស្ដីពីព្រៃឈើ គឺយោងទៅលើខ្លឹមសាររបស់អត្ថបទអ្នកសារព័ត៌មាន ដែលបានចុះផ្សាយថា មានទីតាំង ស្តុកឈើ លក្ខណៈអាជីវកម្ម ដែលស្ថិតនៅ ក្នុងភូមិសាស្ត្រខាងលើ កំពុងតែធ្វើចរាចរយ៉ាងគគ្រឹកគគ្រេងហើយ សម្ថត្តកិច្ច និងអាជ្ញាធរ មិនបាន ធ្វើការបង្ក្រាប ទើបមានការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំខេត្ត ឱ្យខាងសមត្ថកិច្ចជំនាញក៏ដូចជា អាជ្ញាធរ បូក រួមជាមួយ និងកងកំលាំងទាំងបី ធ្វើការ ចុះពិនិត្យ ដល់ទីតាំង ខាងលើនេះ។
លោក ម៉ានសារ៉ាត់អភិបាលរង ស្រុកប្រាសាទសំបូរ ក្នុងនាមជាអាជ្ញាធរ លោកមិនបានព្រងើយកន្តើយ នោះទេ លោកតែងតែ ធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យ យល់អំពីច្បាប់ ប៉ុន្តែ បើយោងទៅលើជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ទាំងអស់ គឺជា ទម្លាប់ របស់ពួកគាត់ ដែល ធ្វើការ រកទទួលទានពឹងផ្អែក ទៅលើ ផលអនុផលព្រៃឈើ នៅតំបន់ នោះ ដោយមិនមានមុខរបរអ្វី ប្លែកពីនេះទេ ទោះបី ដឹងថាមុខរបស់នេះ ខុសនឹងច្បាប់ក៏ដោយ បញ្ហាទាំងអស់នេះហើយ ដែល លោកក្នុងនាមជាអាជ្ញាធរស្រុក តែងតែ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយយ៉ាងខ្លាំង។
លោកសៅវ៉ាន្នី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ បានឲ្យដឹងថា ក្នុងការចុះបង្ក្រាប និងអនុវត្តច្បាប់ស្ដីពីព្រៃឈើ ក្នុងរយៈពេលពីរថ្ងៃនេះ គឺលទ្ធផលសម្រេចបាន រឹបអូសយកឈើមូល បានចំនួន 59 កំណាត់ និងកូនឈើ ចំនួន 155 ដើមហើយក៏បាន ដឹក យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំរួចរាល់ ហើយដែរ ហើយលោក នៅតែបន្ត ចុះបង្ក្រាប ដូចភ្លៀងរលឹម នៅថ្ងៃ បន្តបន្ទាប់ ទៀតដែរ។
ដោយ ប៊ុន រដ្ឋា