ខេត្តកំពង់ធំ៖ គ្រឿងញៀនចំនួន៥៣គ.ក ត្រូវបានរកឃើញបន្ថែមទៀត ក្រោយពីចាប់បានមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែនចំនួន៤នាក់ និងរឹបអូសបានគ្រឿងញៀន៤០គ.ក កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកសាយ វាសនា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ រួមទាំងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តនិតិវិធីស្រាវជ្រាវ តាមរយះជនសង្ស័យទើបឈានទៅដល់ការរកឃើញ ទីតាំងស្តប់គ្រឿងញៀន ។
កិច្ចសហប្រតិបត្តិការ រុករកទីតាំងលួចលាក់ស្តប់ទុកគ្រឿងញៀន គឺត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីកម្លាំងអធិការស្រុកកំពង់ស្វាយ និងអាជ្ញាធរ ភូមិឃុំ បានដឹកនាំ ឆែករកវត្ថុតាងដោយ លោកអ៊ិត សុធា ព្រះរាជអាជ្ញា និងស្នងការនគរបាលខេត្តកំពង់ធំ បានចុះឆែកឆេរផ្ទះមួយខ្នង ស្ថិតនៅក្នុងភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចំនុចខាងកើតប្រឡាយទំនប់៣០កញ្ញា ដែលជនសង្ស័យបានលាក់ថ្នាំញៀន ប្រភេទបេតមហ្វេតាមីន ( ម៉ាទឹកកក) នៅក្នុងផ្ទះធ្វើអំពើ ស័ង្កសី ពីស្ករ សង់ជាប់និងដី ។
ទិដ្ឋភាពនៃការឆែកឆេរ គឺត្រូវបាននាំជនសង្ស័យទាំង៤នាក់ មកចង្អុលបង្ហាញនូវត្ថុតាង ក្រោយពីបើកសោរ សមត្ថកិច្ចជំនាញបានរកឃើញ វ៉ាលីក្រណាត់ចំនួន៣ មានពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ខៀវ ដែលបានលាក់ទុកនៅក្រោមគ្រែ សមត្ថកិច្ចបាននាំយកវ៉ាលីទាំង៣ មកឆែកបានប្រទះឃើញ ថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយចំនួន៥ ដើម្បីបំភាន់ភ្នែកមហាជន ចំនួន៥៣ដុំ ស្មើរនិង៥៣គីឡូក្រាម ។
សូមបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មានឈ្មោះ ទី១.គន់ វណ្ណះ ភេទប្រុស ទី២.ឈ្មោះ សុខ ប៊ុនសិរិឆៃ ភេទប្រុស និងទី៣ .ឈ្មោះ លី តឹក ភេទប្រុស ទី៤ឈ្មោះ សាក់ សេងសង ជាជនជាតិថៃ ភេទប្រុសរស់នៅខេត្តតាក ប្រទេសថៃ ក្រោយពីបានឆែកឆេររកឃើញវត្ថុតាង សមត្ថកិច្ចបាននាំជនសង្ស័យពីឃុំខ្លួននៅពន្ខនាគារវិញ ចំណែកវត្ថុតាងថ្នាំញៀង៥៣គ.ក ត្រូវបាននាំយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺត្រូវបានបើកការស៊ើនអង្កេតជាច្រើនខែមកហើយ ដោយមានការគាំទ្រនិងចង្អុលបង្ហាញ ពីសំណាក់ ឯកសតិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន និងឯកឧត្តម សុខ លូ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ និងការដឹកនាំសហការពីកម្លាំងជំនាញ និងបានសម្របសម្រួលដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ទើបឈានដល់ការបង្រ្កាបគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំនេះ រហូតទទួលបានជោគជ័យ និងសុវត្តិភាព។
លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរយ៉ាងខ្លាំងនូវ កិច្ចសហការល្អរបស់សមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន ក្នុងការចូលរួមបើកការស្រាវជ្រាវស៊ើបអង្កេត វែកមុខមេខ្លោងចែកចាយគ្រឿងញៀនឆ្លងដែល បានសម្រេចនេះគឺជាជោគជ័យមួយដ៏ធំធេង សម្រាប់ខេត្តកំពង់ធំ ដែលអាចចាត់ទុកថា ជាប្រវត្តិសាស្រ្ត ដែលក្នុងរយះពេល៣ ថ្ងៃសមត្ថកិច្ចអាចចាប់ជនសង្ស័យ៤នាក់ដែលជាមេខ្លោង និងរឹបអូសបានគ្រឿងញៀន៩៣គីឡូក្រាម។
លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ បានសំណូមពរដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ គោរពទៅតាមច្បាប់ពិនិត្យអតិថិជន សុំអត្តសញ្ញាណប័ណ្ណកត់ចម្លងនូវឈ្មោះភ្ញៀវមកស្នាក់នៅឲ្យបានត្រឹមត្រូវ និងត្រូវចូលរួមទប់ស្កាត់ការពារ ការជួញដូរ និងចែកចាយ ការសេព នៅក្នុងមូលរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ។ដោយ ប៊ុន រដ្ឋា