អភិបាលខេត្តកំពង់ធំអញ្ជើញចែកមួកសុវត្តិភាពក្នុងឳកាសចុះត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

0

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញចែកមួកសុវត្តិភាព ដល់អ្នកបើកបរម៉ូតូដែលគ្មានមួក នៅក្នុងពេលដែលឯកឧត្តម ចុះត្រួតពិនិត្យការ បើកបរជាក់ស្តែងនៅលើដងផ្លូវសាធារណៈ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិធីនេះបានធ្វើឡើងនៅ វេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅខាងលិចស្ពានកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សកម្មភាពចុះត្រួតពិនិត្យ ការបើកបរម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួម ពីលោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរសារធារណៈការដឹកជញ្ជូនខេត្តកំពង់ធំ ជាច្រើនរូប ដោយមាន លិខិតប័ណ្ណ សៀវភៅណែនាំពីសុវត្តិភាពច្បាប់ចរាចរណ៍ផ្លូវគោក និងមានការសួរសំនួរចម្លើយដល់អ្នកបើកបរ ដើម្បីធ្វើតេស្ត៍នូវចំណេះដឹងក្នុងការប្រើប្រាស់យានយន្តប្រចាំថ្ងៃផងដែរ។សម្រាប់អ្នកបើកបរ ដែលពុំបានចូលរួមគោរពច្បាប់ចរាចរណ៍ គឺពុំត្រូវបានផាកពិន័យនោះទេ តែមានការណែនាំនូវមតិល្អៗ សម្រាប់ជាចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងជម្រុញឲ្យមានការ ចូលរួមគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍សំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករលាក់មុខដ៏សាហាវ វាអាចកើតឡើងគ្រប់ពេលវាលា នៅពេលដែលបងប្អូនមានការ ធ្វេសប្រហែស និងបើកបរដោយគ្មានគោរពសិទ្ធ អតិភាព បើកបរជែងគ្នា បើកបរក្នុងស្ថានភាពស្រវឹង និងបើកបរក្នុងងងុយដេក ដោយបញ្ហាទាំងនេះគឺជា ចន្លោះប្រហោងដែលអាចនិងទទួលគ្រោះថ្នាក់បានដោយងាយ ។ឯកឧត្តម សុខ លូ បានបន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបន្សល់នូវសំណងខូចខាតជាច្រើន ដែលជាភារៈដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារ ជាពិសេសនោះគឺជាការសោកស្តាយបំផុត ដែលគ្រួសារបាត់បង់មនុស្សសំខាន់ ក្នុងគ្រួសារ ខ្លះពិការភាព ដែលជាបន្ទុករបស់ប្រពន្ឋ កូន ឳពុក ម្តាយ និងត្រូវមើលថែអស់មួយជីវិត ដូច្នេះដើម្បីបញ្ជ្រៀសនូវបញ្ហាទាំងនេះ គឺត្រូវធ្វើដំណើរលើដងផ្លូវសារធារណៈ ពាក់មួកសុវត្តិភាព ដាក់ខ្សែក្រវ៉ាត់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបគ្រួសារមានសុភមង្គល់។

ដោយ ប៊ុន រដ្ឋា