បុរសម្នាក់បានស្លាប់និង មនុស្ស៥នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរ

0

ភ្នំពេញ ៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និង ៥ នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្បែរស្ពានកំពង់ទួល តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះមានឈ្មោះ សុ វិនដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ បើករថយន្តដឹកដី មានស្រុកកំណើតនៅភូមិតាកុច ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ។ចំណែកមនុស្ស៥នាក់ទៀតដែលរងរបួសធ្ងន់ស្រាល មិនបានស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់(ភាគីសពរងគ្រោះ)បានជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បានឌុបប្រពន្ធនិងកូនតូចម្នាក់អាយុប្រហែល៣ឆ្នាំ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែមានបុរស៣នាក់ រួមដំណើរជាមួយគ្នាដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-9864 បានជិះបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន ហើយបានបុកជាមួយម៉ូតូសង់កូរ៉េ ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរស ម្នាក់ ភាគីខាងម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗនៅនិងកន្លែង រីឯប្រពន្ធនិងកូនតូចរងរបួសធ្ងន់ស្រាល ចំណែកភាគីម្ខាងទៀតដែលមានគ្នា៣នាក់ក៏រងរបួសធ្ងង់ស្រាលផងដែរ ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ ។ចំណែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំនែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមនីតិវិធី ៕