អង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការ ខេមសេហ្វ បានឧបត្ថម្ភគ្រែវេជ្ជសាស្ត្រចំនួន ១៤៧ និងកុំព្យូទ័រ ៥គ្រឿង ដល់មន្ទីរពេទ្យបង្អែក

0

ខេត្តព្រះសីហនុ៖ ការឧបត្ថម្ភនេះ បានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០១៩ តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ,លោក KOJI SASAKI ប្រធានអង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងលោក គង់ សុវណ្ណ ប្រធានស្ថាបនិកអង្គការ ខេមសេហ្វនៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ដល់អង្គកា SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការខេមសេហ្វ ដែលបានចែករំលែកគ្រែវេជ្ជសាស្ត្រ មកដល់មន្ទីរពេទ្យខេត្ត និងកុំព្យូទ័រ ដល់រដ្ឋបាលខេត្តព្រះសីហនុ ។ឯកឧត្តម បានចាត់ទុកថានេះជាសកម្មភាពមនុស្សធម៌ដ៏ប្រសើរ ខណ:យើងកំពុងមានការខ្វះខាតគ្រែវេជ្ជសាស្ត្រសម្រាប់ទទួលអ្នកជំងឺចូលមកសម្រាកព្យាបាលនៅតាមមន្ទីពេទ្យបង្អែករបស់រដ្ឋ ក៏ដូចជានៅតាមមណ្ឌល សុខភាពនានា ក្នុងខេត្តព្រះសីហនុ ។
គ្រែវេជ្ជសាស្ត្រទាំងនេះ នឹងអាចជួយដោះស្រាយ កាត់បន្ថយការលំបាកដល់អ្នកជំងឺ ក៏ដូចជាក្តីកង្វល់របស់ក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងការពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសគ្រប់ពូជសាសន៍នៅទីនេះផងដែរ ដែលពួកគេត្រូវការសេវាសុខាភិបាលចាំបាច់ មិនអាចខ្វះបាន ។

លោក KOJI SASAKI និយាយថាពេញចិត្តក្នុងការចូលរួមការមនុស្សធម៌និងសកម្មភាពក្នុងការចូលរួមជាមួយប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋ និងរដ្ឋបាលខេត្តព្រះសីហនុ។ នេះជាជំហានចាប់ផ្តើមក្នុងកិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ ជាមួយអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាវិស័យសុខាភិបាល ដែលបានខិតខំបំពេញការងារជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា។

លោក វេជ្ជៈបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អោយដឹងថា ជប៉ុនកន្លងមកបានចំណាយប្រាក់ជាង១៥លានដុល្លាអាមេរិកក្នុងការជួយកសាងអគារមន្ទីរពេទ្យនិងបំពាក់សម្ភារៈបរិក្ខាវេជ្ជសាស្ត្រក្នុងមន្ទីរពេទ្យនេះ។បន្ថែមលើសនេះជប៉ុនក៏បានបញ្ជូនគ្រូពេទ្យមកជួយបង្ហាត់បង្រៀនពេទ្យខ្មែរក្នុងមន្ទីរពេទ្យនេះផងដែរ។
ទន្ទឹមនេះសម្បុរសជនក្នុងស្រុកក៏តែងបានជួយឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកនេះជាបន្តបន្ទាប់ផងដែរ។
លោក វេជ្ជៈបណ្ឌិត សេង ណុង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងសប្បុរសជនទាំងអស់ដែលតែងផ្តល់ការឧបត្ថម្ភគាំទ្រមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណ:ពេលដែលអ្នកជំងឺចូលមកសម្រាក ព្យាបាលមានការកើនឡើងជាលំដាប់៕