សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រុមការងារ សាខាកាកបាទ ក្រហម កម្ពុជា ខេត្តសៀមរាប និង អ្នកស្ម័គ្រចិត្ត សហការ ជាមួយ យុវជន កាកបាទក្រហម កម្ពុជា ខេត្តសៀមរាប ដឹកនាំ ដោយ លោកស្រី សំ សា វ៉ាង មន្ត្រី គម្រោង សុវត្ថិភាព ចរាចរណ៍ សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ យុវជន ស្ម័គ្រចិត្ត
របស់ កាកបាទក្រហម កម្ពុជាខេត្ត សរុប មានចំនួន ២២ នាក់ ស្រី ១៦ នាក់ បាន ចុះផ្សព្វផ្សាយពីហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង មិនពាក់មួកសុវត្ថិភាព សិស្សានុសិស្សចំនួន៣ វិទ្យាល័យ ក្រោមកិច្ចសហការ ពីក្រុមហ៊ុនcambodia Airprot រួមមានវិទ្យាល័យ ១០មករា ១៩៧៩ វិទ្យាល័យអង្គរ និង វិទ្យាល័យសម្ដេចឪ ក្នុងក្រុងសៀមរាប។ដែលមានសិស្សានុសិស្សអ្នកចូលរួមទាំង៣វិទ្យល័យ សរុប ចំនួន៣៧៦នាក់ ស្រី ២៦៤ នាក់ នៅក្នុងគោលបំណង ចូលរួម កាត់បន្ថយ អត្រា ការស្លាប់ របួស ពិការ ដោយ គ្រោះថ្នាក់ ចរាចរណ៍ និង លើកកម្ពស់ សិទ្ធជន ពិការ ជាពិសេស នៅពេលបើក បវេសនកាល នាពេលខាងមុខនេះ ។
លោកស្រី សំ សា វ៉ាង បានអោយដឹងថា បច្ចុប្បន្ន គ្រោះថ្នាក់ ចរាចរណ៍ គឺជា បញ្ហា ប្រឈម យ៉ាង ធំ របស់ ប្រទេស កម្ពុជា វា បានសម្លាប់ មនុស្ស ជា រៀងរាល់ថ្ងៃ ធ្វើឱ្យ បាត់បង់ ធនធានមនុស្ស បន្សល់ទុក នូវ កុមារ កំព្រា ស្ត្រី មេម៉ាយ ជនពិការ ប៉ះពាល់ ដល់ សេដ្ឋកិច្ច ប្រទេសជាតិ និង ខូចខាត សណ្តាប់ធ្នាប់ សង្គមជាតិ គឺ បណ្តាលមកពី អ្នកប្រើប្រាស់ផ្លូវ មិនគោរព ច្បាប់ ចរាចរណ៍ បើកបរ ក្រោម ឥទ្ធិពល គ្រឿង ស្រវឹង បើកបរ ហួស ល្បឿន កំណត់ និង មិនពាក់មួក សុវត្ថិភាព នៅពេល ធ្វើដំណើរ ។
លោកស្រី ក៏បាន ធ្វើការ សំណូមពរ ដល់ អ្នកបើក បរ យានយន្ត គ្រប់ ប្រភេទ ពេលមកដល់ ជិត សាលារៀន មន្ទីរពេទ្យ និង ទីប្រជុំជន នានា សូមមេត្តា បន្ថយល្បឿន ផង ដើម្បី រួមគ្នា កាត់បន្ថយ ការស្លាប់ និង របួស ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ព្រមទាំង បាន ជំរុញ ដល់ សិស្សានុសិស្សដែល បាន ចូលរួម សូមជួយ ណែនាំ ដល់ បងប្អូន មិត្តភក្តិ សមាជិ គ្រួសារ និង អ្នកជិតខាង ឱ្យ គាត់ ពេល បើកបរ ត្រូវ ពាក់មួក និង ពាក់ ខ្សែក្រវ៉ាត់ សុវត្ថិភាព អោយបាន ជាប់ ជាប្រចាំ ពេលបើកបរ ទៅតាម ល្បឿន កំណត់ គោរព ស្លាក សញ្ញា តាម ដងផ្លូវ ជាដើម ដើម្បី ចៀសវាង ការគ្រោះថ្នាក់ ជាយថាហេតុ ណាមួយ បានកើត ឡើង ។
ក្នុងសកម្មភាពនោះ ក្រុមការងារ ក៏បាន ធ្វើការ បង្រៀន ពាក់មួក សុវត្ថិភាព និង អប់រំ ផ្សព្វផ្សាយ តាម ថ្នាក់រៀន បានបង្រៀន ពីរបៀប កុមារ ឆ្លងផ្លូវ ដោយ សុវត្ថិភាព ហើយចែក ខិតប័ណ្ណ សុវត្ថិភាព ចរាចរណ៍ ផ្សព្វផ្សាយ ព័ត៌មាន ពីស្ថានភាព គ្រោះថ្នាក់ ចរាចរណ៍ វិធី ពាក់មួក សុវត្ថិភាព អោយបានត្រឹមត្រូវ ចែក ខិតប័ណ្ណ ស្តីពី ស្លាក សញ្ញា ចរាចរណ៍ សំខាន់ៗ នៃ សុវត្ថិភាព និង ស្ទិក ខ័រ ចំណាំងផ្លាត ជនពិការ ដូច ទៅនឹង ពាក្យស្លោក លើកឡើងថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ មាន គ្រោះថ្នាក់ ចរាចរណ៍ ៕





































