ស្នងការនគរបាលខេត្តតាកែវផ្សព្វផ្សាយផែនការថ្មី កម្លាំងប៉ូលីសត្រូវត្រៀមខ្លួនបង្ក្រាបអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និងការពារប្រជាពលរដ្ឋ

0

តាកែវ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានរៀបចំពិធីផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ​ រួម​ទាំង​ផែនការ​ ការពារ​បុណ្យ​ឯករាជ្យ​ជាតិ​ និង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ អក​​អំបុក​ បណ្ដែត​ប្រទីប​ សំពះ​ព្រះខែ​ ព្រមទាំង​ កិច្ច​ការ​ពារថែរក្សា​ សន្តិសុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ ជូន​ព្រះមហាក្សត្រ​ ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​ ថ្នាក់​ដឹកនាំ​ជាតិ​ ក្រោម​ជាតិ​ ថ្នាក់​ដឹកនាំ​ខេត្ត​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ ទូទាំង​ខេត្ត​តាកែវ​ទាំង​មូល​ និងបានប្រាប់ឲ្យនគរបាលនៅគ្រប់មូលដ្ឋានទាំងអស់ប្រមូលផ្ដុំកម្លាំងត្រៀមបង្រ្កាប ពួក​ប្រឆាំង​ក្រៅច្បាប់​ ដែលប៉ុនប៉ងផ្តួលរំលំរាជ រដ្ឋាភិបាល​ស្រប​ច្បាប់​​ កេីតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា។ពិធី​ធ្វើ​ឡើង​​នៅ​បរិវេណ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ​។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍ថ្មី
នៅរសៀលថ្ងៃអាទិត្យ ទី ២៧ ខែ តុលា ឆ្នាំ ២០១៩នេះ លោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៏បន្តថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលមានទណ្ឌិត សម រង្សី ជាមេក្លោង បានធ្វើការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ្យ ដែលជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសមន្ត្រីនគរបាលជាតិទាំងអស់ មិនអាចទទួលយកបានជាដាច់ខាត។
មួយរយៈពេលថ្មីៗនេះទណ្ឌិត សម រង្សី បានប្រកាសពីគម្រោងធ្វើដំណើរចូលស្រុកវិញនៅពេលខាងមុខដោយបានអំពាវនាវនិងគៀកគរប្រជាពលរដ្ឋឲ្យបះបោលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង។ ដូច្នេះក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវត្រៀមខ្លួនថែរក្សាអោយបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយអនុវត្តបទបញ្ជាម៉ឹងម៉ាត់ក្នុងការកម្ចាត់ចំពោះជនក្បត់ជាតិ សម រង្សី ដោយធ្វើការចាប់ខ្លួនយកទៅផ្តន្ទាទោសទៅតាមច្បាប់។
លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការ បានមានប្រសាសន៏បន្ថែមថា មន្ត្រីនគរបាលក្នុងតាកែវទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ច លើកិច្ចការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញានិងបង្ក្រាបអោយបាន រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសុខសន្តិភាព ឧបាយកល ដែលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ ។ ទទឹមនិងនោះ ដែរលោកស្នងការនគរបាលខេត្តតាកែវបានក្រើនរំលឹក ដល់នគរបាលក្នុងមូលដ្ឋានត្រូវសិក្សានិងកំណត់មុខសញ្ញាអោយបាននៅរាល់បទល្មើស ក៏ដូចជាសកម្មភាពនានាដែលកើតមានឡើង ទើបមន្ត្រីនគរបាលយុត្តិធម៍យើងអាចធានាបាននៅសុខសុវត្តភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបាន «ភូមិឃុំមានសុវត្តិភាព»។ ជាងនេះទៅទៀតកងកំលាំងនគរបាលទាំងអស់ ក៏បានត្រៀមលក្ខណៈការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល លើការហូបអំបុកសាមគ្គីជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាផងដែរ៕ តាកែវ