អភិបាលខេត្ត​កំពង់ចាម​ ស្នេី​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ ត្រូវ​យកចិតទុកដាក់​ អនុវត្តន៍​តួនាទី​ ការពារ​សន្តិសុខ​ ជូនជាតិ​

0

កំពង់ចាម​: ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន ចាន់ដា បាន​ស្នើឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បីការពារសន្តិសុខជូនជាតិ និងប្រជាជន ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល​ និង​បើកវគ្គហ្វឹកហ្វឺនកងជួរមុខ មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩​ ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈបញ្ជាការឯកភាព ខេត្តកំពង់ចាម បានកោតសរសើរចំពោះ ស្នងការរដ្ឋាននគរបាល​ ខេត្តកំពង់ចាម ដែលបានដឹកនាំបញ្ជា ក្នុងការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ខេត្តកំពង់ចាម ​នាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្ដម ក៏បានវាយតម្លៃ ចំពោះ ថ្នាក់ដឹកនាំ​ស្នងការ​ ដែលបានរៀបចំឲ្យមានវគ្គបំប៉ន នូវជំនាញពិសេស ទៅដល់កម្លាំងជួរមុខ ដើម្បី ឲ្យមានគោលជំហរហ្នឹងហ្នរ​ ប្រកបដោយទឹកចិត្តក្លៀវក្លា​ មុះមុត ក្នុងការបំពេញការងារ ដើម្បីការពារបាននូវសន្និសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកដោយប្រសិទ្ធភាព ព្រោះបើកងកម្លាំងមានកាយសម្បទារឹងមាំ រួមផ្សំជាមួយនឹងទឹកចិត្តក្លៀវក្លាមុះមុតនោះ ទើបយើងអាចសម្រេចបាន នូវគោលបំណង ជូនដល់អង្គភាពបាន ។ ក្រៅពីនោះ ក្នុងនាមសមត្ថកិច្ចជំនាញ ដែលជាអ្នកអនុវត្តច្បាប់ ចាំបាច់ត្រូវយល់ច្បាស់ អំពីតួនាទីភារកិច្ច ដែលខ្លួនមាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ផងដែរ ។
ឯកឧត្ដម​ ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ ក៏បានចាត់ទុកថា ការជួបជុំ​គ្នា​នាពេលនេះ ក៏ដើម្បី បានត្រួតពិនិត្យកងកម្លាំង ក្នុងការត្រៀមបង្កា លើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនខេត្តកំពង់ចាម នាពេល​ខាង​មុខ​ ។ ដូច្នេះ ក្នុងនាមកងកម្លាំង ត្រូវយកចិត្តទុកដាក់ អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារសន្តិសុខជាតិ និងប្រជាជន ព្រមទាំង ក្ដាប់ឲ្យបាននូវព័ត៌មានទាំងឡាយ​ ឲ្យ​បានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការអន្តរាគមន៍ ទប់ស្កាត់នូវរាល់បាតុភាពទាំងឡាយ ដែលបង្កឲ្យអស្ថេភាពដល់សង្គមជាតិ ។ ក្រៅពីនោះ កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបាននូវរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បី ការពារនូវភាពសុខសាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ​ផង​ដែរ​ ។​
ជាមួយ​គ្នា​នោះ​ លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បាន​ឲ្យដឹងថា ក្នុងការ​ត្រៀមកម្លាំងការពារសន្តិសុខសណ្ដាប់សាធារណៈជូនជាតិ និងប្រជាជន ស្នងការដ្ឋាន បានរៀបចំផែនការ ដើម្បី ដាក់កម្លាំងការពារ នៅតាមគោលដៅពិសេសៗមួយចំនួន នៅក្នុងទូទាំងខេត្តកំពង់ចាម ធ្វើយ៉ាងណា ដើម្បី ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ។ ក្រៅពីនោះ យើងក៏បានត្រៀមនូវមធ្យោបាយ និងសម្ភារៈផ្សេងៗទៀត ដើម្បី បំរើដល់កងកម្លាំងចល័ត និងចុះអន្តរាគមន៍ នៅតាមគោលដៅនីមួយៗ ឲ្យទាន់ពេលវេលា ខណៈដែល មានព្រឹត្តិការណ៍ផ្សេងៗ កើតឡើងជាយថាហេតុនោះ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានផ្ដល់ជូន​ មី ចំនួន ២០០កេស និងថវិកា ៥លានរៀល សម្រាប់​ដោះស្រាយ​ក្នុង​ការ​ហ្វឹកហ្វឺន ព្រមទាំង​បាន​អញ្ជើញ​ពិនិត្យ​កន្លែងស្នាក់នៅរបស់កងអន្តគមន៍ និងអាគារការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ផងដែរ៕