ប៉ៃលិន៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ជាជនមានសតិមិនប្រក្រតី (បែកថ្នាំ) ក្រោយពីទាញកាំបិតកាប់ឪពុកបង្កើត បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពីមានជម្លោះបន្តិចបន្តួច រឿងដីធ្លី។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៦៖៥០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចអូរខ្យង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថាន់ ផន ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ត្រូវជាឱពុកបង្កើត) រងរបួសធ្ងន់ចំថ្ងាស់ សាច់ដុំដៃស្តាំ ប្រអប់ដៃស្តាំ និង ភ្លៅស្តាំ សរុបប្រហែលចំនួន១៨ថ្នេរ មូលហេតុទាស់ពាក្យសម្តីគ្នារឿងបញ្ហាចែកដីធ្លី ។
ចំណែកជនបង្ករឈ្មោះ ភឹម ភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ( ត្រូវជាកូនបង្កើតមានសតិមិនគ្រប់) ជាជនញៀនថ្នាំញៀន ធ្លាប់ហៅមកអប់រំរឿងបង្កជម្លោះ ជាមួយអ្នកភូមិជាច្រើនដងផងដែរ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនសង្ស័យ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕




































