អភិបាលខេត្ត​កំពង់ចាម​​៖​ ក្នុង​ឆ្នាំ​២០២០​ គ្រប់​ឃុំ​-សង្កាត់​ នឹង​ទទួល​បាន​កញ្ចប់​ថវិកា​ ពី​រាជរដ្ឋាភិបាល​ ៧៣០០០ដុល្លារ​ ដេីម្បី​អនុវត្តន៍​ថ្នាក់​មូលដ្ឋាន​

0

កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ គឺជា​ឆ្នាំ​យុទ្ធសាស្ត្រ​ នៃ​ការ​អនុវត្តន៍​នូវ​ផែនការ​គំណែទំរង់​ថ្មី​មួយ​​ ដែល​គ្រប់​ឃុំ​-សង្កាត់​ នឹង​​ទទួលបាន​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល​ ក្នុង​១ឆ្នាំៗ​ ​អាច​លេីសពី​ ​៧៣០០០ដុល្លារ​​ ដេីម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ ថ្នាក់​មូលដ្ឋាន​ ដោយ​មិន​គិត​លើ​កិច្ចការ​ងារ​រដ្ឋបាលនោះទេ​​ ដូច្នេះ​ធ្វើ​យ៉ាងណា​​ត្រូវ​ចាយវាយ​ឲ្យ​បាន​ត្រឹមត្រូវ​ ​និងស្រប​ទៅ​តាម​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​ថវិកា​មាន​តម្លាភាព​ គណនេយ្យភាព​ ឲ្យ​ចំ​គោលដៅ​​​ ហើយ​ប្រេី​ឲ្យ​អស់​ ក្នុង​១ឆ្នាំ​ៗឆ្នាំ​ទៀតនោះ ត្រូវ​ទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​ និង​បេីក​វគ្គ​តំរង់​ទិស​មន្ត្រី​របស់​យេីង​ ជាពិសេស​គឺ​ស្មៀន​ និង​ក្រុម​ព្រឹក្សា​ឃុំ​ ផងដែរ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាសដែល​ ឯកឧត្ដម​ អញ្ជេីញ​ជា​អធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មវិធីវិនិយោកបីឆ្នាំរំកិល(២០២០-២០២២) នៅស្រុកកំពង់សៀម​ នាព្រឹក​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៩​ ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ បាន​លើក​ឡើង​​​ថា​ សិក្ខាសាលានេះ ជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ​ ប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច​ នៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាព​ក្រីក្រ​ ប្រកប​ដោយប្រសិទ្ធភាព។
ឯកឧត្តម​អភិបាល​ខេត្ត​ បាន​បន្ត​ថា​ ផ្តើមចេញពីឆន្ទៈ និងជំនឿ​ ជឿជាក់នេះ ក្នុងអំឡុងជិត២ទសវត្សរ៍​ កន្លងមកនេះ រាជរដ្ឋាភិបាលបានជំរុញ និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ រដ្ឋបាលឃុំ-សង្កាត់បានក្លាយទៅជា រដ្ឋបាលថ្នាក់មូលដ្ឋានដែលមានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ​ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ​ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការអភិវឌ្ឍន៍របស់រដ្ឋបាលឃុំ-សង្កាត់ដែលបានរៀបចំ និងអនុវត្តនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា ការសាងសង់ផ្លូវលំ ស្ពាន អណ្តូងទឹក​ ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្តល់សេវាផ្សេងៗទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះ​ដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ-សង្កាត់ និងធនធានពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានា​ របស់ប្រជាជននៅតាមមូលដ្ឋាន​។ ដោយបច្ចុប្បន្ននេះរាជធានី និងគ្រប់ខេត្តនៅទូទាំងប្រទេស​ កំពុងតែសកម្មប្រយុទ្ធយ៉ាងក្លៀវក្លា ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ៕