កំពង់ចាម : ដេីម្បី បញ្ចៀស នូវ គ្រោះ ថ្នាក់ ជាយថាហេតុ ដោយ សារ ការ ធ្វេី ចរាចរ លើ ស្ពានដែល បាត់បង់ គុណភាព នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ស្នើដល់ប្រជាពលរដ្ឋ ឲ្យ មានការអត់ធ្មត់ ដោយតម្រូវឲ្យធ្វើចរាចរ នៅតាមផ្លូវវាង ជាបណ្ដោះអាសន្នសិន។ ការស្នើឡើងបែបនេះ នាឱកាសដែល ឯកឧត្តម អភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពស្ពានស្រុត ដោយ ទឹក ច្រោះ ១កន្លែង ស្ថិតនៅ ក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន ឲ្យដឹងថា ដោយសារស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុង ឆ្នាំ២០១៩នេះ បានជន់ឡើងលឿនយ៉ាង គំហុក ក្នុងរយៈពេលតែ ១ខែ ប៉ុណ្ណោះ ជាមួយ គ្នា នោះ ទឹកក៏បានស្រកចុះទៅវិញយ៉ាងលឿនផងដែរ ដែលបានបង្កការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន នៅក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម ជាពិសេស ក្រុង ស្រុក នៅស្របទៅតាមបណ្ដោយដងទន្លេមេគង្គ តែម្ដង។ 
ឯកឧត្តម អភិបាល ខេត្ត បាន បញ្ជាក់ ថា ស្រុកដែលទទួលរងការខូចខាតច្រើនជាងគេនោះគឺ ស្រុកកំពង់សៀម ជាក់ស្ដែង ពេលនេះ កត្តាធម្មជាតិ បានធ្វើឲ្យប៉ះពាល់ស្ពាន ១កន្លែង ស្ថិតនៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម ប្រឈមទៅនឹងការបាក់ស្រុត ដោយសារទឹកហូច្រោះ ដូច្នេះដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ ជាយថាហេតុ នោះ អាជ្ញាធរ បានសម្រេច ឲ្យផ្អាកការ ធ្វើ ចរាចរ លើស្ពាននេះទាំង ស្រុង តែ ម្ដង ដោយ តំរូវ ឲ្យ យានយន្ត គ្រប់ ប្រភេទ ធ្វេី ចរាចរនៅលើផ្លូវផ្សេងវិញ។ ដើម្បី សម្រួលដល់ការធ្វើដំណើរ របស់ បងប្អូន ប្រជាពលរដ្ឋ យើងក៏បានចុះពិនិត្យស្ថានភាព ស្ពានឈើ ១កន្លែង នៅ វត្ត គៀន ជ្រៃ ក្នុង ស្ថិតក្នុង ឃុំគៀនជ្រៃ ស្រុក កំពង់សៀម ដើម្បីឲ្យ ប្រជាពលរដ្ឋ មកប្រើប្រាស់ស្ពាន នេះជាបណ្ដោះអាសន្នវិញ ។ ទន្ទឹមនឹងនោះដែរ យើងក៏ស្នើទៅដល់ក្រសួងជំនាញ ដើម្បី សិក្សាស្ពានឈើនេះ និងផ្លូវផ្សេងៗទៀត ដើម្បី សម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ។
គួរ បញ្ជាក់ថា ស្ពានថ្ម ១កន្លែង ស្ថិតនៅក្នុងទីតាំងខាងលើ មានទំហំ ទទឹង ៤ម៉ែត្រ និង បណ្តោយ ៩០ម៉ែត្រ បានកសាងឡើង នាអំឡុងឆ្នាំ២០០១-២០០២ ។ មកដល់បច្ចុប្បន្ន ស្ពាននេះ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នា រដូវ ទឹកសម្រក បណ្ដាលឲ្យលេចចេញគ្រឹះផ្នែកខាងក្រោម នៃសរសរជើងស្ពាន ចំនួន ១ដើម។ ជាមួយ គ្នា នោះ ដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ អាជ្ញាធរ បានបិទ ការ ធ្វេី ចរាចរ ទាំង ម៉ូតូ និង រថយន្ត តូច ធំ គ្រប់ ប្រភេទ ផង ដែរ ដោយ តំរូវ ឲ្យ ម៉ូតូ ជិះ វាង ឆ្លង ស្ពាន ឈេី វត្ត គៀន ជ្រៃ ក្នុង ចំណែក រថយន្ត ត្រូវ បេីកបរ វាង ទៅ តាម ផ្លូវ ឃុំ ស្រកវិញ ៕





































