បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍!

0

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង យ៉ាងអាណោចអធ័ម និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅកន្លែងស្នាក់នៅវិញ ត្រូវរថយន្តដឹកប្រេងសណ្តោងធុនយក្សមួយគ្រឿង បុកចំពីមុខកិនពីលើ កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤ ជិតនិងបូរីពិភពថ្មី ក្នុងភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ តឿន រ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅភូមិចំការថ្បែង សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវេវ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ កំពង់ឆ្នាំង 1F-9538 ឌុបគ្នាចេញពីកន្លែងធ្វើការវិញ ពីលិចទៅជើង បំណងទៅកន្លែងស្នាក់នៅ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ក្បាលពណ៌ស លាយពណ៌ខៀវ ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-7332 បើកបរដោយបុរសម្នាក់ បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ រថយន្តក៏ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យខ្ទាតមិត្តភក្តិអង្គុយនៅខាងក្រោយចូលកង់រថយន្តខាងមុខផ្នែកខាងឆ្វេងកិនស្លាប់ភ្លាមៗនៅនិងកន្លែងកើយហេតុ ចំណែកនាក់បើកម៉ូតូខ្ទាតចេញក្រៅរងរបួសធ្ងន់។

ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបើករត់គេច តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការនេះ បានដេញចាប់បានប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕