មណ្ឌលគិរី៖ ពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ក្រោមវត្តមានលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អង្គការដៃគូនានា មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង១០០០នាក់ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ ដើម្បីពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ក្នុងការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាបន្នដែលផ្ដល់ឱកាសស្មើគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។ លោក បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ និងសប្បុរសជននានា
ត្រូវបន្តកិច្ចសហការ និងពង្រឹងភាពជាដៃគូកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកកសាង អភិវឌ្ឍន៍រចនាសម្ព័ន្ធសាលារៀនឲ្យមានការីកចម្រើន។ អភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ជាពិសេស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា នៅដំណាច់ឆ្នាំសិក្សា២០១៨ ២០១៩នេះ ខេត្តមណ្ឌលគិរី មានមត្តេយ្យសិក្សាគ្រប់រូបភាពមានចំនួន១.៦៦០នាក់ ស្រី៨៥៦នាក់ សិស្សបឋមសិក្សាសរុបចំនួន១៤.០០៥នាក់ ស្រី ៦.៩៦៨នាក់ ធៀបនឹងឆ្នាំមិនថយចុះ ៥៥០នាក់ សិស្សអនុវិទ្យាល័យចំនួន ១.៣៦៦នាក់ ស្រី ៧១៨នាក់ សិស្សវិទ្យាល័យចំនួន ៣.២៣៣នាក់ ស្រី ១.៧៣៣នាក់។ លោក បន្ថែមថា លទ្ធផលប្រឡងបាក់ឌុប មានបេក្ខជនសរុប៤០១នាក់ ស្រី២២១នាក់ បានប្រឡងជាប់ចំនួន ៣៥៧នាក់ ស្រី២០០នាក់ ស្មើនឹង៨៩.០៣% ហើយក្នុងនោះ និទ្ទេសA ១នាក់ និទ្ទេសB ០៣នាក់ និទ្ទេសC ៣៦នាក់ និទ្ទេសD ១១២នាក់ និងនិទ្ទេសE ២០៥នាក់។

នាឱកាសនោះ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានផ្តល់លិខិតសរសើរដល់លោកគ្រូ អ្នកគ្រូ និងចែករង្វាន់ រួមទាំងប័ណ្ណសរសើរដល់សិស្សានុសិស្សដែលទទួលបានចំណាក់ថ្នាក់ចាប់ពីលេខ១ដល់លេខ៥ផងដែរ៕




































