ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តកាមរីក្នុងល្បឿនលឿនពេក ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតចេញពីជូរមួយកង់ ចំណែករថយន្តបន្តដំណើទៅមុខប្រមាណជាង២០ម៉ែត្រ បែកកង់ទៅមុខលែងរួច ចំណែកម្ចាស់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០១
ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទូលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរី ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-2727 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅស៊ីទុង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន សង្ស័យងោកមួយភាំង ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគខ្ទាតចេញពីជូរមួយកង់ ចំណែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួចសំណាងមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕




































