ខេត្តកំពង់ធំ៖ រូបសំណាកបារមីស័ក្កសិទ្ធ របស់លោកញ៉ាតេជោក្រហម(ក) ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ រួមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ ចូលរួមអបអរសាទរ គំាទ្រនៃការ សាងសង់រួបសំណាក់ ដែលជាបុព្វបុរសមានមហិទ្ធិឬទ្ធិបារមីខ្លំាងពូកែ នៅថែរក្សាបីចាប់ប្រជាពលរដ្ឋ ទូទាំង ប្រទេស ជាពិសេសខេត្តកំពង់ធំ ឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើនជោគជ័យគ្រប់ភារកិច្ច។
ពិធីក្រុងពាលីបច្ចុះបឋមសិលា សាងសង់រូបសំណាក លោកឧកញ៉ាតេជោក្រហម(ក) ស្ថិតក្រោមអធិបតី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងបាននិមន្តចូលរួមដោយ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមីមេគណខេត្តកំពង់ធំ និងមន្រ្តីរាជការកងកម្លាំងសិស្សានុសិស្សប្រជាពលរដ្ឋចូលរួមយ៉ាងអធឹកអធ័ម ស្ថិតនៅចំនុចរង្វង់មូលផ្លូវវាងក្រុង ស្ថិតនៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការសាងសង់រូបសំណាកលោកឧកញ៉ាតេជោក្រហម(ក)នេះ គឺបានចូលរួមពីអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការទាំងអស់ បានរួមគ្នាកសាងសួនច្បារ និងរូបសំណាកនេះឡើង រូបសំណាកនេះបានបង្ហាញពីជំនឿ របស់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ធំយើង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និងជាលោកតាដែលមានបារមី ជួយបួងសួងដល់មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានជួបសេចក្តីសុខសប្បាយ ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា រូបសំណាកនេះ គឺមានកម្ពស់៥ម៉ែត្រ៦តឹក បើគិតទាំងជើងទម្រមានកម្ពស់ ជាង១១ម៉ែត្រ ទទឹង៤ម៉ែត្រ២តឹក រីឯថ្មគឺត្រូវបានជ្រើសរើសថ្មដែលលក្ខណៈពិសេស ដែលមានការប្រែពណ៌ ជាពណ៌ស៊ីជម្លូ មានលក្ខណៈរ៉ឹង និងត្រូវបានយកមកពីភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងឪកាសនេះផងដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នាពេលបច្ចុប្បន្ននេះ មានភ័ពសំណាងដែលបានរស់នៅ ជ្រកក្រោមម្លប់សន្តិភាពសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាពជូនបងប្អូនខ្មែរទូទាំងប្រទេស ។
ឯកឧត្តម សុខ លូ បានថ្លែងថា ប្រទេសយើងមានសន្តិភាព យើងបានមកធ្វើបុណ្យរួមគ្នា ធ្វើពិធីសាសនាជា មួយគ្នាដ៏សប្បាយរីករាយជាមួយគ្នា កក្តាទាំងនេះក៏ដោយសារតែប្រទេសយើងមានសន្តិភាព ជាពិសេសនោះ ខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ និងរៀបចំពិធី បុណ្យឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យដែលទើបតែសាងសង់ថ្មីនៅពេលព្រឹក លុះបន្ទាប់មកក៏មានពិធីហូបអំបុកសាមគ្គីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន និងមានកម្មវិធីចែកអំបុកជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញធ្វើដំណើរឆ្លងកាត់ មកទទួលយកអំបុកពិសារ លុះនៅពេលរាត្រី មានការប្រារព្វពិធីនៅ វិមានឯករាជ្យ ដែលមានការបាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ពរបស់យើង ។
ចំណែកថ្ងៃទី១១ ខែដដែល គឺជាថ្ងៃព្រះរាជពិធីអកអំបុកសំពះព្រះខែ ដែលជាបុណ្យជាតិ រដ្ឋបាលខេត្តបាន រៀបចំពិធីដាល់អំបុកនៅសួនច្បារ នៅតាមដងស្ទឹងសែន ក្នុងពេលរាត្រីផងដែរ ឆ្លៀតក្នុងឳកាសនេះ ក៏សូម ឲ្យបងប្អូនចូលរួមក្នុងពិធី ដោយស្លៀកពាក់ជាប្រពៃណី ខោចែវ អាវបំពង់ ដើម្បីបង្កើនភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាពទាំងអស់គ្នា ។
ដោយ ប៊ុន រដ្ឋា





































