កំពង់ចាម: ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័ កសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងថា ការខិតខំប្រឹងប្រែងរបស់ក្រុមការងារតាមក្រុង-ស្រុកទាំងអស់ ក្នុងការរៀបចំវេទិកាសាធារណៈជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋយើង ដើម្បីស្តាប់នូវកង្វល់ និងបញ្ហាផ្សេងៗ ដែលបងប្អូនជួបប្រទះនៅមូលដ្ឋាន និងការប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។
ថ្វីត្បិតតែកង្វល់ និងបញ្ហាទាំងអស់នោះ យើងមិនអាចដោះស្រាយបានទាំងអស់ក្នុងពេលតែមួយ តែយើងទាំងអស់គ្នា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាទាំងអស់ជូនប្រជាជនយើងក្នុងខេត្តកំពង់ចាម។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងដែរថា យើងទាំងអស់គ្នាមើលឃើញពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យនៅទូទាំងខេត្ត ដែលជាផ្លែផ្កាបានមកពីកត្តាដ៏សំខាន់២មិនអាចខ្វះបាន គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ កត្តាពីរនេះហើយដែលធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងប្រទេសយើងបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ ៧ % ក្នុង ១ឆ្នាំៗ និងបានបង្កលក្ខណៈសម្បត្តិដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្រ្តី បានធ្វើការណែនាំថា បញ្ជីបញ្ហាប្រឈម និងសំណើនានារបស់ប្រជាជន រយៈពេល៩ខែ មាន សំណូមពរ៩៩ ដែលក្ដោបលើវិស័យ១៣ ដូចនេះស្នើសុំឯកឧត្តមប្រធានក្រុមការងារ និងជាប្រធានស្ថាប័នតាមវិស័យឬ ជាតំណាងស្ថាប័នជំនាញ យកទៅសិក្សា និងឆ្លើយតបទៅនឹងសំណូមពរ និងសំណើរបស់ប្រជាជន និងធ្វើរបាយការណ៍មកលេខាធិការដ្ឋានខេត្ត បញ្ជាក់តើមានបញ្ហាប្រឈម និងសំណូមពរប៉ុន្មានត្រូវបានដោះស្រាយរួច និងមានប៉ុន្មានដែលមិនទាន់ដោះស្រាយរួច ឬ មិនអាចដោះស្រាយបាន ដោយសារហេតុផ្សេងៗ ដើម្បីយើងរាយការណ៍ជូនរាជរដ្ឋាភិបាល។
ម្យ៉ាងវិញទៀត សូមឲ្យក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ពិនិត្យ
តាមដានលើការគ្រប់គ្រងផ្សារនៅតាមក្រុង ស្រុក ដែលរាជរដ្ឋាភិបាលបានសម្រេចប្រគល់ឲ្យសមាគមអាជីវករផ្សារជាអ្នកគ្រប់គ្រង ជំនួយការវិនិយោគពីវិស័យឯកជន ផងដែរ។
អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួនរបស ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម បានជួយដោះស្រាយនូវក្តីកង្វល់ ការលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋ និងបានចូលរួមកសាងសមិទ្ធផលនានា ជាពិសេស បានផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីសំណេះសំណាលតាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ សរុបបានចំនួន៥៤៨លើក មានអ្នកចូលរួមចំនួន១៥៣,៧៩៥នាក់ ។ ក្រុមការងារបានប្រមូលចងក្រងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងសហគមន៍នៅមូលដ្ឋានក្នុងទូទាំងខេត្ត ដែលបានលើកឡើង ដូចជា៖ ក្តីកង្វល់ សំណើ សំណូមពរ និងតម្រូវការផ្សេងៗ សរុបមានចំនួន៩៦ករណី លើវិស័យ១៣ ក្នុងនោះបញ្ហាដែលបានដោះស្រាយរួច មានចំនួន៣៥ករណី, កំពុងដោះស្រាយមានចំនួន២២ករណី និងមិនទាន់បានដោះស្រាយចំនួន៣៩ករណី។ ក្នុងចំណោមវិស័យទាំង១៣ មានវិស័យចំនួន៤ ដែលប្រជាពលរដ្ឋលើកឡើងច្រើនជាងគេ គឺ៖ វិស័យអប់រំ យុវជន និងកីឡា, វិស័យសាធារណៈការនិងដឹកជញ្ជូនវិស័យធនធានទឹកនិងឧតុនិយម, និងវិស័យឧស្សាហកម្ម និងសិប្បកម្ម(ស្មើនឹង៦១,៤៥%នៃបញ្ហាសរុប)។
ចំពោះបញ្ហាដែលមិនទាន់បានដោះស្រាយ ចំនួន៣៩ករណី (ស្មើ៤០,៦៣%) ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត បានចងក្រងយកមកធ្វើការពិនិត្យពិភាក្សារកលទ្ធភាពដោះស្រាយ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ទៅតាមសមត្ថកិច្ចរៀងៗខ្លួន ផងដែរ ៕




































