ខេត្តកំពង់ធំ ÷ នៅមជ្ឈមណ្ឌលលក់ផលិតផលសហគមន៍សំបូរព្រៃគុក ខេត្តកំពង់ធំ ក្រសួងទេសចរណ៍បានបើក សិក្ខាសាលាស្តីពី “វឌ្ឍនភាព និងប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោកប្រាសាទសំបូរព្រៃគុក”នាថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០១៩ សិក្ខាសាលានេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ សហគមន៍ វិស័យឯកជន សាស្រ្តាចារ្យ និង សិស្ស-និស្សិត ជាសិក្ខាកាមសរុបចំនួន ១៥០នាក់។
ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ថោងខុន និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពង់ធំ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ក្នុងគោលបំណងជម្រុញការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលមានវាគ្មិនជាតិ និងអន្តរជាតិមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ បានចូលរួមធ្វើបទបង្ហាញលើប្រធានបទផ្សេងៗគ្នាស្របតាមចក្ខុវិស័យរបស់គោលនយោបាយទេសចរណ៍កម្ពុជា “ វប្បធម៌ និង ធម្មជាតិ ”។
នាឱកាសបើកសិក្ខាសាលានេះ ឯកឧត្តម កើត ពុទ្ធវរី បានបញ្ជាក់ថា ដោយមើលឃើញពីការអភិវឌ្ឍឥតឈប់ឈរនៃវិស័យទេសចរណ៍កម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយបានដាក់ចេញនូវគោលនយោបាយជាតិ ក៏ដូចជាសារាចរណ៍ណែនាំផ្សេងៗក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ ក្នុងនោះកត្តាអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ក៏ជាប្រធានបទមួយដ៏សំខាន់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ 
ស្របពេលដែលសកលលោកកំពុងមានការប្រែប្រួល វិស័យទេសចរណ៍ត្រូវបានរងនូវឥទ្ធិពលពីនិន្នាការថ្មីៗជាច្រើន ដែលចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា និងនិន្នាការទេសចរណ៍ថ្មីៗឲ្យទាន់ពេលវេលា។
ដោយ ប៊ុនរដ្ឋា






































