ពិធីបញ្ជុះបឋមសិលាសាងសង់អាគារមេបញ្ជាការជាអំណោយគណបញ្ជាការយោធាខេត្តដុងណាយនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម  

0

ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពិធីបញ្ជុះបឋមសិលាសាងសង់អាគារ​មេបញ្ជាការមួយខ្នងថ្មីទៀតហើយ គឺជាអំណោយរបស់ គណបញ្ជាការយោធាខេត្តដុងណាយនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំយោធា នាយ នាយរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកតាលោយាយចូលរួម នៅព្រឹកថ្ងៃ អង្គារ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលនៃការទំនាក់ទំនង សហប្រតិបត្តិការល្អជាមួយ និងភាគគីអន្តរជាតិ ក្នុងការរឹតបណ្តឹង ចំណងសាមគ្គីភាព និងយោគយល់គ្នាទៅវិញទៅមក ក្នុងកិច្ចការការងារសង្គម ការសាងសង់បន្ទាយ ការងារ មនុស្សធម៌ និងវិស័យយោធាផងដែរ ក្នុងនោះ គណបញ្ជាការយោធាខេត្តដុងណាយនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានជួយសាងសង់អាគារជាច្រើខ្នងផងដែរ ដូចជា អគារធ្វើការងារមួយខ្នងទំហំ ៧ម៉ែត្រ x ២៥ម៉ែត្រ ទី២ អគារគិលានដ្ឋានមួយខ្នង ៩ម៉ែត្រ x ២០ម៉ែត្រ ទី៣ បានឧបត្ថម្ភឧបករណ៍តន្ត្រីសម័យមួយវង់។

ជាក់ស្តែងពិធីបញ្ចុះបឋមសិលាសាងសង់ អាគាររបស់មេបញ្ជាការនៅពេលនេះ ក៏ជាទឹកចិត្តជួយជ្រោមជ្រែងក្នុងវិស័យយោធា និងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើននៅទីបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំនេះ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន  បានបញ្ជាក់ថា អាគារមេបញ្ជាការដែលកំពុងតែចាប់បដិសន្ធិនៅពេលនេះ គឺមាន ទំហំ២៣៧ម៉ែត្រការ៉េ អគារនេះមានចំនួន ៥បន្ទប់  ក្នុងនោះមាន៤ បន្ទប់ សម្រាប់ធ្វើការងាររបស់កងទ័ព និងបន្ទប់សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ  ដែលជាអំណោយរបស់គណបញ្ជាការយោធាខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម   ដែលភាគគីវៀតណាម បានផ្តល់ជូនតាមសំណូមពររបស់ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

 

ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន  បានថ្លែងធំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះគណបញ្ជាការយោធាខេត្តដុងណាយ ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយបានសំណូមពរដល់ ដ្នាក់ដឹកនាំនៃបញ្ជាការយោធាខេត្តដុងណាយ បន្តរៀបចំក្រុមគ្រូពេទ្យ ជួយព្យាបាលជម្ងឺ និងផ្ដល់ថ្នាំពេទ្យជូនគ្រួសារកងទ័ព បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅខេត្តកំពង់ធំបន្តទៀត ដូចដែលធ្លាប់បានធ្វើកន្លងមក។ ដោយ ប៊ុនរដ្ឋា