ឯកឧត្តម សុខ លូ ត្រួតពិនិត្យកម្លាំងប្រដាប់អាវុធជាង១០០០នាក់ដើម្បីត្រៀមអនុវត្តបទបញ្ជាលុបបំបាត់សកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់

0

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានបញ្ជើញត្រួតពិនិត្យការហ្វឹកសមរបស់កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងនោះមានយោធា កងរាជអាវុធហត្ថ និងនគរបាល ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរក្សានូវសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណស្នងការនគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ពិធីនេះដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ   ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពង់ធំជាច្រើនរូបផងដែរ គឺក្នុងគោលបំណង រួមគ្នាប្រឆាំងដាច់ខាតនៅឧបាយកល របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តូលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនជាស្រេច រងចាំទទួកអនុវត្តនូវរាល់បទបញ្ជារបស់ថ្នាក់លើ ក្នុងការចូលរួមវាយបំបាក់គ្រប់សកម្មភាពក្បត់ជាតិ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពប្រទេសជាតិ ក៏ដូចជាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កងកម្លាំងទាំងអស់ ត្រូវបានបំពាក់អាវុធគ្រប់ដៃ ដោយរៀបចំជា កងវរសេនាតូចពិសេស សម្រាប់ចល័តអន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់លើឲ្យទាន់ពេល វេលានិងមានប្រសិទ្ធភាពខ្ពស់   ។

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចេញជាក្បួនយុទ្ធដំណើរ ដោយចាកចេញពីបរិវេណស្នងការដ្ឋាននគរបាលខេត្ត  ប្រទក្សិណក្នុងក្រុងកំពង់ធំ រួចបន្តដំណើរមកកាន់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានចម្ងាយប្រមាណជាង ៥គីឡូម៉ែត្រ នៅក្នុងយុទ្ធដំណើរកងកម្លាំងមានការរាក់ទាក់ស្វាគមន៍ពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ សិក្សានុសិស្សច្រើនកុះករ ដែលជាការចូលរួមលើកទឹកចិត្តដល់កងកម្លាំង ដែលធ្វើយុទ្ធដំណើរនេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថាកម្លាំងទាំងអស់ មិនបានទៅគំរាមកំហែងនរណាម្នាក់នោះទេ គឺយើងទុកត្រៀមសម្រាប់ការពារសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ជាពិសេសនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបុណ្យឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យដែលទើបតែសាងសង់ថ្មី និងពិធីហូបអំបុកខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន ជាពិសេសមានចែកអំបុកជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញធ្វើដំណើរឆ្លងកាត់ មកទទួលយកអំបុកពិសារដោយឥតគិតថ្លៃ លុះនៅពេលរាត្រី មានការប្រគុំតន្ត្រី បាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ពរបស់យើងចំណែកឯនៅថ្ងៃទី ១១ វិច្ឆិកា ២០១៩ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យអកអំបុក និងសំពះព្រះខែ ព្រមទាំងមានការរៀបចំធ្វើពិធីដាល់អំបុកនៅសួនច្បារ នៅតាមដងស្ទឹងសែន ក្នុងពេលរាត្រីផងដែរ។ ដោយ ប៊ុន រដ្ឋា