ជនជាតិចិនសង្ស័យស្រវឹងស្រាបើកបរមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យក្រឡាប់ផ្ងារជើង

0

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងប្រុសស្រីជាច្រើននាក់ទៀត សង្ស័យស្រវឹងស្រា បើករថយន្ត RAV4 ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចអស់ ១ កង់ រថយន្តបង្កបានក្រឡាប់ផ្ងារជេីងច្រង៉ាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរនិងប្រុសស្រីជាច្រើននាក់ទៀត បើករថយន្តម៉ាក RAV4 មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AG-7501 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ វៀចអស់ ១កង់ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជេីងច្រង៉ាង ភ្លាមៗនោះអ្នកបើកបរ និងអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕