អាជ្ញាធរជាតិអប្សរារៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅទីក្រុងអង្គរធំនៃរមណីយដ្ឋានអង្គរ

0

សៀមរាប​ ដើម្បីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលជាបុណ្យប្រពៃណីជាតិរបស់ប្រជាជនខ្មែរ អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន នឹងរៀបចំពិធីទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងបណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ចាប់ពីថ្ងៃសៅ ១៣កើត រហូតដល់ថ្ងៃទីអង្គារ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំនៃរមណីយដ្ឋានអង្គរ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមបង្ហាញពីសុខសន្តិភាព ការគោរពស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ដោយមានការចូលរួមពីព្រះសង្ឃក្នុងនិងក្រៅប្រទេសជាង៥០០អង្គ និងពុទ្ធបរិស័ទជិតឆ្ងាយជាងពីរពាន់នាក់ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់របស់ជនជាតិខ្មែរទៅតាមរដូវកាល។ ជាពិសេស កម្មវិធីនេះនឹងមានការរៀបចំពិធីសាសនាមួយចំនួន ព្រមទាំងសកម្មភាពជាក់ស្តែងជាច្រើនពាក់ព័ន្ធនឹងការច្រូតស្រូវ ដាល់អំបុក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការសម្តែងសិល្បៈល្ខោនបុរាណខ្មែរចំនួន២រាត្រី គឺនៅរាត្រីថ្ងៃអាទិត្យ ១៤កើត រហូតដល់ថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដោយឡែក នៅព្រឹកថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានរៀបចំពិធីរាប់បាត្រជាកិច្ចបញ្ចប់។

អាស្រ័យហេតុនេះ អាជ្ញាធរជាតិអប្សរា ក៏សូមគោរពអញ្ជើញសាធារណៈជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមក្នុងពិធីទទួលទានអំបុករួមគ្នាដើម្បីអបអរការស្រឡាញ់សុខសន្តិភាពនិងចូលរួមជាមួយសកម្មភាពជាក់ស្តែង និងទស្សនាសិល្បៈល្ខោនបុរាណខ្មែរឱ្យបានច្រើនកុះករ៕