មណ្ឌលគិរី៖ នៅព្រឹកថ្ងៃ ពុធ ១០កើត ខែ កក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និង ត្រួតពិនិត្យការធ្វើសមយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រមាណជាង៦០០នាក់ ដើម្បីត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និង ពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក និង ទប់ស្កាត់ការវិលត្រឡប់របស់ ក្រុមឧទ្ទាម ទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ពិធីនេះបានប្រព្រឹត្តិទៅនៅសួនឧទ្យានសែនមនោរម្យ ក្រុងសែនមនោរម្យ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលមានភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី សុខសុវត្ថិភាព សន្តិភាពជូន ប្រជាពលរដ្ឋគឺដើម្បីរក្សាតម្លៃនៃសន្តិភាព ដែលបានមកដោយសារការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេស ការស្វែងរកសន្តិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និង ត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា និង ពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ព្រមទាំងការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកកម្សាន្តតាមរមណីដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី ។
ឯកឧត្តមបាន បន្ថែមថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានស្មារតីសេ្នហា ការពារជាតិសាសនាព្រះមហាក្សត្រហើយត្រូវបន្តរួមគ្នាថែរក្សាការពារឱ្យបាននៅគង់វង្ស និង មិនត្រូវជឿលើសម្តីនៃការញុះញង់របស់ជនក្បត់ជាតិទណ្ឌិតសមរង្ស៊ីដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងមានសន្តិភាពឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរសង្គ្រាមនោះទេ។ ទណ្ឌិត សម រង្ស៊ី បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះចំនឹងថ្ងៃបុណ្យឯករាជ្យជាតិ។
ពាក់ព័ន្ធនឹងសកម្មភាព ទណ្ឌិតសមរង្ស៉ីនេះរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការកងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម ។ 
នាឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន មីចំនួន ៨០កេស ទឹកបរិសុទ្ធ ចំនួន ២០០យូរ និង ថវិកាចំនួន ៥លានរៀល ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ៕ដោយ អ៊ូ ពលៈ




































