កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺអព្យាក្រឹតចំពោះគណបក្សនយោបាយ តែមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងថា ការជួបជុំគ្នានាពេលនេះ កឺដើម្បីបានត្រួតពិនិត្យកងកម្លាំង ក្នុងការត្រៀមបង្កា លើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនខេត្តកំពង់ចាម នាពេលខាងមុខ ។ ដូច្នេះ ក្នុងនាមកងកម្លាំង ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារសន្តិសុខជាតិ និងប្រជាជន ព្រមទាំង ក្ដាប់ឲ្យបាននូវព័ត៌មានទាំងឡាយ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការអន្តរាគមន៍ ទប់ស្កាត់នូវរាល់បាតុភាពទាំងឡាយ ដែលបង្កឲ្យអស្ថេភាពដល់សង្គមជាតិ ។
ក្រៅពីនោះ កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបាននូវរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បី ការពារនូវភាពសុខសាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋផងដែរ ព្រោះថា កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺអព្យាក្រឹតចំពោះគណបក្សនយោបាយ តែមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា សកម្មភាពពង្រឹងការអនុវត្តច្បាប់ ក្នុងរយៈពេល ០៩ ខែកន្លងទៅនេះ អង្គភាពកងរាជអាវុធហត្ថខេត្តបានយកចិត្តទុកដាក់ខ្ពស់ ដោយសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម អនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានចំនួន១៥៦លើក ក្នុងនោះមាន បង្ក្រាបបទល្មើសគ្រឿងញៀន១៩លើក រំលោភសេពសន្ថវៈចំនួន១៧លើក ប៉ុនប៉ងមនុស្សឃាតចំនួន០៤លើក ឃាតកម្មចំនួន០៦លើក
លួចចំនូន៤៨លើក ឆបោកចំនួន០៤លើក ឆក់ចំនួន០៨លើក ហឹង្សាចំនួន៤៦លើក និងបំផ្លិតបំផ្លាញ០៤លើក ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥៧នាក់ បញ្ជូនទៅតុលាការ ៥៦នាក់ និងអប់រំអោយទៅមណ្ឌលចំនួន ១នាក់ ព្រមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌ស ១១៧កញ្ចប់ មានទម្ងន់ ២៤៣,៨៧ ក្រាម ផងដែរ។ 
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បាននិងកំពុងត្រៀមកម្លាំង មធ្យោបាយ គ្រឿបំពាក់ ដើម្បីទប់ស្កាត់បង្ក្រាបរាល់សកម្មភាពទាំងឡាយ របស់ពួកក្រុមឧទ្ទាមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផងដែរ។ 
ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏បានផ្ដល់ជូន មី ចំនួន ២០០កេស និងថវិកា ៥លានរៀល សម្រាប់ផ្គត់ផ្គង់ក្នុងពេលចុះប្រតិបត្តិការណ៍ផងដែរ ៕




































