កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញចុះត្រួតពិនិត្យ សភាពការណ៍ក្នុងមូលដ្ឋាន នៃឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីដាក់ចេញនូវវិធានការសំខាន់ៗ ជូនដល់អាជ្ញាធរ ភូមិឃុំ អនុវត្ត ក្នុងកិច្ចប្រជុំ មានមន្ត្រីក្រុមការងារថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិទាំង១៥ ភូមិ ចូលរួមផងដែរ។
កិច្ចប្រជុំត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្ដោតលើខ្លឹមសារសំខាន់ៗមាន ទី១ ក្ដាប់សកម្មភាពបស់ក្រុមចលនាប្រឆាំងនានាជាលក្ខណៈក្បត់ជាតិ ក្បត់ប្រជាជន និងក្បត់ព្រះមហាក្សត្រ ទី២ ការចូលរួម ហូបអំបុកខ្មែរ ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខាងមុខនេះ ។
ប្រធានក្រុមប្រឹក្សាឃុំ បានបញ្ចាក់អំពីសកម្មភាពក្នុងមូលដ្ឋាន ចំពោះបងប្អូនប្រជាពលរដ្ឋ ពុំមានការចាញ់បោកឧបាយកលពួកក្បត់ជាតិដែលមានទណ្ឌិត សម រង្ស៊ី ដែលតែកំពុងញុះញង់ ប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា គឺសកម្មភាពនៅក្នុងមូលដ្ឋានបានល្អប្រសើរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើឲ្យអាជ្ញាធរក្ដាប់សកម្មភាពការណ៍ កើតឡើងក្នុងឃុំ ដែលជាលក្ខណៈមិនស្របច្បាប់ ត្រូវចាប់ខ្លួនផ្ដន្ទាទោស ។
ដោយឡែក នៅថ្ងៃដ៏ដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឆ្លៀតពេលអញ្ជើញ ទៅសួរសុខទុក្ខអតីតយុទ្ធជនពិការ និងគ្រួសារយោធិនពលីចំនួន ៥គ្រួសារ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាត ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ និងដឹងគុណពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម សុខ លូ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចំពោះបងប្អូនអតីតយុទ្ធជនយើង ដែលបានធ្វើពលិកម្មដ៏ធំធេង ក្នុងបុព្វហេតុរួមចំណែកធ្វើឲ្យប្រទេសជាតិឲ្យមានសុខសន្តិភាព។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ទុក្ខលំបាកអតីតយុទ្ធជនត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដោះស្រាយ និងបានស្នើឱ្យបងប្អូនបន្តរួមគ្នាថែរក្សាសន្តិភាព និងចូលរួមពិសាអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។ នៅក្នុងឱកាសនេះ ឯកឧត្តមបានឧបត្ថម្ភនូវអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីយើងចំនួន ១កេះទឹកត្រីទឹកស៊ីអ៊ីវ ២ យួរ និងថវិកាមួយចំនួនទៀតផង។
ដោយ ប៊ុន រដ្ឋា





































