កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់កងកម្លាំង ឲ្យ ត្រៀមបង្ក្រាបរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ជនក្បត់ជាតិ ដែលមានទណ្ឌិតសមរង្ស៊ី និងបក្សពួក ហើយ ត្រូវចូលរួមថែរក្សាការពារនូវសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់ ផងដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ជួប សំណេះសំណាល ជាមួយនាយ ទាហាន នាយ ទាហាន រង និង ពល ទាហាន ក្នុងពិធីប្រមូលផ្តុំកម្លាំង ត្រៀមអន្តរាគមន៍ ទប់ស្កាត់ការប៉ុនប៉ងផ្ដលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម នារសៀល ថ្ងៃ ទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
ថ្លែងក្នុង ពិធី នោះ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្ត កំពង់ចាម បាន កោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលមានភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី សុខសុវត្ថិភាព សន្តិភាពជូន ប្រជាពលរដ្ឋ ដើម្បីរក្សាតម្លៃនៃសន្តិភាព ដែលបានមកដោយសារការខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេស ការស្វែងរកសន្តិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យ មានការរីកចម្រើនលើគ្រប់វិស័យ និង ត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា និង ពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ព្រមទាំងការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកកម្សាន្តតាមរមណីដ្ឋាននានាក្នុង ខេត្តកំពង់ចាម ។
ជាមួយ គ្នា នោះ លោក ឧត្ដមសេនីយ៍ ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បាន ថ្លែង ថា ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ លោក បានត្រៀមខ្លួនគោរពបទបញ្ជា រង់ចាំបទបញ្ជា និងអនុវត្តបទបញ្ជារ របស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី២ និងគណៈបញ្ជាការឯកភាពខេត្ត ឲ្យមានប្រសិទ្ធិភាព ជាពិសេស ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ព្រមទាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ក្រាប និងកំទេច នូវរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ជនក្បត់ជាតិ សម រង្សី ។ យើងខ្ញុំប្តេជ្ញា ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ការពារ ឲ្យបានសន្តិសុខក្នុងភូមិសាស្ត្រឈរជើងរបស់ខ្លួន មិនអនុញ្ញាត្តិឲ្យកើតមាននូវទង្វើ ឬចលនាណាមួយដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាបានជាដាច់ខាត។
ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏បានផ្ដល់ជូន មី ចំនួន ២០០កេស និងថវិកា ៥លានរៀល សម្រាប់ ផ្គត់ផ្គង់ ក្នុង ពេល ចុះ ប្រតិបត្តិការណ៍ ផងដែរ ៕





































