ខេត្តស្ទឹងត្រែង:លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកមន្រ្តីក្រោមឱវាទរួមនិងកងកម្លាំង ប្រដាប់អាវុធទាំងបី ប្រភេទ ចុះពិនិត្យស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ កាលពីថ្ងៃទី០៨ វិច្ឆិកា ម្សិលម៉ិញ ក្នុងគោលដៅដើម្បីទប់ស្កាត់នូវរាល់សកម្មភាព ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ ក្រុមឧទ្ទាមបក្សប្រឆាំង ។
ក្នុងឱកាសនោះ លោក ម៉ុម សារឿន អភិបាលខេត្ត បានជម្រុញឲ្យកងកម្លាំងទាំង ៣ប្រភេទ ដែលនៅឈរជើង តាមព្រំដែនត្រូវការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រៀមអនុវត្តន៍បទបញ្ជាបង្ក្រាបក្រុមក្បត់ជាតិ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
លោកអភិបាលខេត្ត ក៏ជម្រុញបន្ថែម ដល់កងកម្លាំងទាំងអស់ ត្រូវប្តេជ្ញាការពារបូរណភាពទឹកដី និងសុខន្តិភាព ស្ថិរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅក្នុងដំបូលសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា:ក្នុងនាម គណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមកងកម្លាំងប្រដាប់អាវុធទាំងអស់ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត ឃើញថាកងកម្លាំងប្រដាប់អាវុធទាំងអស់ បានពង្រឹងសមត្ថភាព ដើម្បីការពារសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ជាពិសេស គឺត្រូវរក្សាការពារនូវជាតិ សាសនា ព្រះមហាក្សត្រ ៕




































