លោកយាយជុំ  សាអែម បានទទួលផ្ទះថ្មីមួយខ្នងទី១៣៣ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន  សែន 

0

ខេត្តកំពង់ធំ៖ គិតមកដល់ថ្ងៃនេះ ចាប់តាំពីបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ជាប្រធានសមាគមអតីតយុទ្ធជនខេត្ត គឺបានសាងសង់ផ្ទះ និងបានប្រគល់ជូនដល់ សាច់ញាតិ បងប្អូនអតីតយុទ្ធជនពិការ អតីតយុទ្ធជនពលី និងបងប្អូនអតីតយុទ្ធជនចូលសោធននិវត្តន៍ ដែលមានជីវភាពខ្វះខាតលំបាក ចំនួន១៣៣ខ្នងផ្ទះហើយ សម្រាប់ខេត្តកំពង់ធំ និងជាអំណោយ ដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ជាក់ស្តែង ខ្នងផ្ទះលើកទី១៣៣  ត្រូវបានប្រគល់ជូន គ្រួសារអតីតយុទ្ធជនពលី គឺលោកយាយជុំ  សាអែម  អាយុ ៦០ ឆ្នំា ដែលជាភរិយាលោកតា ជុំ ផាត អតីតយុទ្ធជនពលីរូបនេះ ធ្លាប់ចូលបម្រើក្នុងជួរកងទ័ព នៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ១៩៨៣ អង្គភាពយោធាខេត្តកំពង់ធំ រហូតដល់ថ្ងៃទី១មករា ឆ្នាំ ១៩៩០ ផ្លាសមកអង្គភាពវរសេនាធំង ២៩ ខេត្តកំពង់ធំ ក្រោយមកក៏បានពលីជីវិត ក្នុងសមរភូមិ ស្រុកប្រាសាទបល្ល៍ង្គ ខេត្តកំពង់ធំ ។

បច្ចុប្បន្នលោក  ជុំ  សាអែម  រស់នៅជាមួយនិងកូន៦នាក់ក្នុងបន្ទុក ក្នុងភូមិទួលដំណាក់  ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែ វិច្ឆិកា  ឆ្នាំ ២០១៩  ដែលមានការនិមន្តចូលរួម ព្រះតេជគុណព្រះគ្រូចៅអធិការវត្តចុងដូង   និងក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត គណកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកបារាយណ៍  និង អាជ្ញាធរ ដែនដី និងប្រជាពលរដ្ឋចូលរួមត្រេតអរ ដែលលោក​យាយត្រូវបានទទួលការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ។

ក្នុងឳកាសនេះ ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងក្រុមការងារ បានពាំនាំយកនូវអំណោយរបស់ឯឧ បណ្ឌិត ហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា  មកផ្ដល់ជូនលោកយាយបន្ថែមទៀតមាន អង្ករចំនួន៥០  គីឡូក្រាម  មីយើងចំនួន២កេស មីខ្លាឃ្មុំមួយកេស  ទឹកពិសារបរិសុទ្ធមួយកេស  ទឹកស៊ីអ៊ីវទឹកត្រីចំនូន ៤ យួរ  និង ថវិកាចំនួន ៦០០,០០០ រៀល  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយ និងប្រទេស កម្ពុជានាបច្ចុប្បន្ន ដែលកំពុងតែមានសន្តិភាព និងកុំឲ្យខ្វល់និងចាប់អារម្មណ៍ ចំពោះការឃោសនាញ៉ុះញ៉ុង  បំភិតបំភ័យពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានចេតនាប៉ុនប៉ុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើង ពីការបោះឆ្នោត ។

ដោយ ប៊ុន រដ្ឋា