ប្រមុខក្រសួងការពារជាតិផ្ញើរសារជូនពរ ដល់កងកម្លាំងក្នុងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ

0

កំពង់ធំ៖ កិច្ចប្រជុំផ្សព្វផ្សាយ មួយបានធ្វើឡើង នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្តីពីការ ផ្សព្វផ្សាយសារជូនពររបស់ ប្រមុខដឹកនាំក្រសួងការពារជាតិ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសបុណ្យខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានកងកម្លាំងចូលរួមចំនួន ២២៥នាក់ កិច្ចប្រជុំបាន ផ្តោតលើក ការយកចិត្តទុកដាក់ បន្តពង្រឹងកងកម្លាំងត្រៀមអន្តរាគមន៍តាមបទបញ្ជា ការពារសុវត្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមពិធីបុណ្យជាតិ ឲ្យមានភាពសប្បាយ រីករាយ ក្រោមម្លប់តេជោសន្តិភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ពីអត្ថន័យក្នុងសារ ដែលបានរំលេចនូវការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ ស្នាដៃនិងសកម្មភាព ក្នុងការងារការពារជាតិមាតុភូមិ ក៏ដូចជាបំពេញនូវភារកិច្ចនៅ អន្តរជាតិ  ខាងផ្នែកមនុស្សធម៌ នៅតាមបណ្ដាប្រទេសនានា នៅលើពិភពលោក  និងមានការប្រសិទ្ធិពរជ័យពីសំណាក់ប្រមុខដឹកនាំក្រសួងការពារជាតិ  សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនគ្រប់បណ្ដាកងកម្លាំងទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកំពុងបំពេញភារកិច្ច និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក្រុមគ្រួសារព្រមទាំងបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅជាជនស៊ីវិល តាមមូលដ្ឋានទទួលបាននូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់សភាពការណ៍ថ្មីៗ និងភាពបរាជ័យរបស់ក្រុមក្បត់ជាតិ សម រង្ស៊ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់  បំផ្លាញសន្តិភាព បំផ្លាញថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃខួបឯករាជ្យជាតិ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពស្រឡាញ់ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំ ដោយសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន  សែន  និងសេចក្ដីសុខក្សេមក្សាន្ដរបស់ប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យកងកម្លាំងបន្តគោរពនូវបទបញ្ជាថ្នាក់លើ ត្រៀមចល័តអន្តរាគមន៍ ឲ្យ បានទាន់ពេលវេលា ដើម្បីចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់  និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យឯករាជ្យជាតិ បុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ ។

ដោយ ប៊ុន រដ្ឋា