កំពង់ចាម: នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម អនុប្រធានសមាជិក ប្រធានលេខាធិការដ្ឋានមន្ត្រីលេខាធិការជាតិប្រឆាំងទារុណកម្ម ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ស្នងការ ស្នងការរង មេបញ្ជាការកងរាជអវុធហត្ថខេត្ត តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការសង្គមស៊ីវិល ពន្ធនាគារខេត្ត តំណាងឯកអយ្យការ និងអស់លោក លោកស្រី ជាសមាជិក សមាជិកា សរុបប្រមាណជា ៨៥នាក់ ផងដែរ ។
ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញឲ្យដឹងថា ខេត្តកំពង់ចាម មានពន្ធនាគារចំនួន ០១កន្លែង និងមានជនជាប់ឃុំឃាំងចំនួន១,០៥៩នាក់ ស្រី៦២នាក់ និងទណ្ឌិតសរុបចំនួន៤៧៣នាក់ ស្រី២៩នាក់ ។ អង្គភាពពន្ធនាគារ បានធ្វើការអប់រំកែប្រែ ស្តារនីតិសម្បទា ដោយពិនិត្យលើចំណេះដឹង មានសៀវភៅតម្កល់ទុកក្នុងបណ្តាល័យឯកសារសម្រាប់ជនជាប់ឃុំ
ចូលអាន និងខ្ចីសៀវភៅយកទៅអាន មានបង្រៀនអក្ខរកម្ម បង្រៀនអំពីបញ្ហាផ្ទៃក្នុង ដល់ជនជាប់ឃុំរៀនធម៌ សូត្រធម៌រៀងរាល់ថ្ងៃសីល ថ្វាយបង្គំអធិដ្ឋាន នៅវិហារយេស៊ូ លេងកីឡា ហាត់ប្រាណជារៀងរាល់ព្រឹក និងពិនិត្យលើចំណេះដឹង ជំនាញរបស់ទណ្ឌិតនីមួយៗ ដើម្បីធ្វើការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ដូចជាការថែទាំអគារ បន្ទប់ឃុំឃាំង ការងារសិប្បកម្ម តុ ទូ កៅអី និងបានសហការជាមួយ
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បើកវគ្គបណ្តុះបណ្តាលជំនាញ ជួយសជុលម៉ាស៊ីនត្រជាក់ ជំនាញជួសជុលម៉ូតូ ជំនាញកាត់សក់ ជំនាញកាត់ដេ ជំនាញអគ្គិសនី ជំនាញកុំព្យូរទ័រ និងបានចែកវិញ្ញាបនបត្របញ្ជាក់ការ
សិក្សាផងដែរ។
អញ្ជើញមានប្រសាសន៍ ក្នុងអង្គសិក្ខាសាលា ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានលើកឡើងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មជាអង្គភាពថ្មីទើបបង្កើតឡើង មានភារកិច្ចស្នូល ក្នុងការពង្រឹងការការពាជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព ឲ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតៗ ដែលជាអំពើឃោរឃៅអមនុស្សធម៌ ឬបន្ថោកបន្ទាប ស្របតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន ។ ជាការឆ្លើយតបទៅនឹងគោលបំណងនេះ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសហការ និងឯកភាពគ្នាធ្វើការផ្សព្វផ្សាយ នៅយន្តការជាតិ និងអន្តរជាតិស្តីពីការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម បទដ្ឋានអន្តរជាតិ ទាក់ទងនឹងការប្រព្រឹត្តមកលើជន ដែលត្រូវបានដកហូតសេរីភាព និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម ។
ឯកឧត្ដមប្រធាន ក៏បានបញ្ជាក់ដែរថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធ នឹងការប្រឆាំងអំពើទារុណកម្ម ដល់មន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅទីឃុំឃាំង ជនដែលអាច ឬត្រូវដកហូតសេរីភាព និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដោយសេក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិមនុស្ស ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ៕




































