ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

0

ស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម កែវ សាមឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលស្ថិតនៅក្នុងបរិវេនវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោក លោកស្រីគណៈអភិបាលស្រុកស្វាយជ្រំ លោក លោកស្រីក្រុមប្រឹក្សាស្រុកស្វាយជ្រំ លោក លោកស្រីមន្រ្តីសាលាខេត្ត សាលាស្រុកស្វាយជ្រំ កងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាឃុំទាំង១៦ លោក លោកស្រីមេភូមិ ទាំង១៥៨ ក្នុងស្រុកស្វាយជ្រំ បងប្អូនប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧៧០នាក់ ។

នាឱកាសនោះដែលឯកឧត្ដមអភិបាលរងខេត្តបានមានឡើងមានប្រសាសន៍អំពីបញ្ហាមួយចំនួនដែលកំពុងកើតឡើងនៅក្នុងខេត្ត និងកំពុងធ្វើការដោះស្រាយមានដូចជា៖
១•បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមាន
២•ការផ្ទេរមុខងារមួយចំនួនមកឱ្យរដ្ឋបាលក្រោមជាតិនៅមិនទាន់បានពេញលេញគឺមានការខ្វះខាតថវិកា ខ្វះធនធានមនុស្ស និងខ្វះលិខិតដ្ឋានបទដ្ឋានគតិយុត្តិគាំទ្រ
៣•កើតមានគ្រោះមហន្តរាយធម្មជាតិដូចជា ការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ ដែលធ្វើប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ
៤•ទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែបន្តកើតមាន។
៥•ការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជន និងនៅតាមរោងចក្រ សហគ្រាសមិនបានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការចូលរួមនៅមានកម្រិត
៦•នៅតាមស្រុក-ក្រុង មួយចំនួនមិនទាន់មានទីលានចាក់សំរាម ទៅតាមលក្ខណៈបច្ចេកទេស និងគ្មានក្រុមហ៊ុនប្រមូលសំរាម។

ក្នុងវេទិកានេះផងដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាមួយចំនួនក្នុងមូលដ្ឋាន ហើយឯកឧត្ដមគណៈអធិបតី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អធិការដ្ឋាននគរបាលស្រុកបានទទួលយកសំណូមពរ និងបញ្ហាប្រឈម ហើយបានដោះស្រាយនៅចំងល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន៖
១•បញ្ហាការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅមានភាពយឺតយ៉ាវ
២•កង្វះខាតភ្លើងចូលតាមភូមិ ក្នុងឃុំទាំង១៦
៣•បញ្ហាការបោះចោលសម្រាម គ្មានសណ្ដាប់ធ្នាប់ពាសវាល ពាសកាល
៤•ការវាស់ដីចង់ជាប្រព័ន្ធ នៅមិនទាន់បានគ្រប់ភូមិ
៥•បញ្ហាទំនាស់ដីធ្លីនៅសាលាបឋមកៀនតាស៉ីវ
៦•ស្ដារប្រឡាយទឹក និងតភ្ជាប់ប្រឡាយទឹកនៅឃុំស្វាយយា ជាមួយខេត្តព្រៃវែង
៧•បញ្ហាមិនទាន់បើកអោយសម្រាលកូននៅមណ្ឌលសុខភាពឈើទាល ដោយមិនទាន់ចុះអាជ្ញាប័ណ្ណ
៨•បញ្ហាករណីបង់ប្រាក់ផ្ដាច់មុនកំណត់នៅគ្រឹះស្ថាន និងមីក្រូហិរញ្ញវត្ថុ មានការប្រាក់ខ្ពស់
៩•ស្នើសុំផ្លូវចំនួន៣ខ្សែចូលក្នុងភូមិ ៕