ភ្នំពេញៈ ប្រភពព័ត៌មានពីមន្ត្រីយោធាម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន បានប្រគល់ឧទ្ធម្ភាគចក្រZ-9 ចំនួន១២គ្រឿង ដល់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ តាមរយៈការ
ប្រាក់កម្ចី ប្រមាណ១៩៥លាន៥សែនដុល្លារ ដែលបានធ្វើឡើងបន្ទាប់ពី ដំណើរទស្សនកិច្ចមកកម្ពុជា របស់អតីត អនុប្រធានាធិបតីចិន ឯ,ឧ ហ្ស៊ី ជីនពីង នាឆ្នាំ២០០៩ ។
បើតាមឯកសារស្រាវជ្រាវ និងតាមការចេញផ្សាយពីបណ្តាញសារព័ត៌មានក្នុងស្រុក បានកត់សំគាល់ថាៈ គិតពីឆ្នាំ១៩៩៦ មកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤នេះ មានឧបទ្ធវហេតុធ្លាក់យន្តហោះ មានចំនួន៥លើក នៅកម្ពុជា ក្នុងនោះមាន៖
– ឆ្នាំ ១៩៩៦ ៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្តកំពង់ធំ បណ្តាលឱ្យស្លាប់២នាក់។
– ឆ្នាំ ១៩៩៧៖ យន្តហោះក្រុមហ៊ុនវៀតណាម បានធ្លាក់ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្តាលឲ្យស្លាប់
មនុស្ស៦៤នាក់។
– ឆ្នាំ ២០០៧៖ យន្តហោះដឹកដំណើរក្រុងព្រះសីហនុ បានធ្លាក់ក្នុងតំបន់ភ្នំខេត្តកំពត បណ្តាល អោយស្លាប់ មនុស្ស២២នាក់ ដែលភាគច្រើនជាជនជាតិកូរ៉េ។
– ឆ្នាំ ២០០៩៖ ឧទ្ធម្ភាគចក្រ ដែលមានវត្តមានអគ្គស្នងការនគរបាលជាតិ ហុក ឡងឌី បានធ្លាក់ ក្នុងខេត្តស្វាយរៀង បានសម្លាប់មនុស្ស៤នាក់។
– ថ្ងៃទី១៤ ខែក្កដា ឆ្នាំ២០១៤ គឺការធ្លាក់ឧទ្ធម្ភាគចក្រ នៅក្នុងរណ្តៅដី ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ បណ្តាលឱ្យ ស្លាប់មនុស្ស ៤នាក់ និង ម្នាក់រងរបួស ខណៈដែល ពួកគេទាំងនោះ ជាយោធាជាន់ខ្ពស់ ខាងទ័ពអាកាស របស់កម្ពុជា ។