សកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពត ដែលចាញ់បោក សម រង្ស៉ី ត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន

0

ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត​ បានចេញបទបញ្ជាឲ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ពាក់ព័ន្ធករណីប្រជាពលរដ្ឋទាំងឡាយ ដែលលង់ខ្លួនចាញ់បោកទណ្ឌិត សម រង្ស៉ី រហូតមានការចាប់ខ្លួន និងដាក់ពន្ធនាគារ ភ្លាមៗនោះសកម្មជន ២នាក់របស់អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន​។

ក្នុងនោះរួមមាន ស្ដ្រីឈ្មោះ ប៉ែន មុំ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធគាររយៈពេលជាង ១ខែ និងលោក នុត ពេជ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារជាង ៣ខែ ពាក់ព័ន្ធការចូលរួមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ដោយសារតែពួកគេលង់ខ្លួនបាញ់បោក ត្រូវបានតុលាការខេត្ដកំពត សម្រេចដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។

យោងតាមពាក្យសុំនៅក្រៅឃុំរបស់ជនត្រូវចោទទាំង ២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពួកគេបានសន្យា នឹងមិនចូលរួមសកម្មភាពនានា ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ហើយសន្យាចូលមកតុលាការគ្រប់ពេលវេលា នៅពេលដែលកោះហៅ៕